Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ៖ អង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបងជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម និងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមានបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥៣ ស្រុកកំរៀង, បញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។

ក្នុងឱកាសចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោមក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់ដឹកនាំតាមអង្គភាព។ សម្ដេចបានបញ្ជាក់ថា ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សម្ដេចក្រឡាហោម និងគណៈប្រតិភូ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះផងដែរ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡហោម និងគណៈប្រតិភូ ក៏បានឆ្លៀតចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តប៉ៃលិន និងបានចុះពិនិត្យមើលកន្លែងផ្ដល់សេវានៅច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍កោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់របស់ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែន ដោយបានរក្សាសន្តិសុខ សុវត្ថិភាព និងដំណើរការសេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពដែលមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×