ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការឆ្លើយតបនឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀត តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍មករដូវកាលបៃតង (Green Season) ដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងការស្វាគមន៍ការហោះហើរត្រង់ថ្មីដំបូងរវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ របស់ប្រទេសម៉ាឡេស៊ី រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនម៉ាឡេស៊ី ការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាង ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរ និងកាលានុវត្តវិនិយោគរបស់កម្ពុជាដល់ប្រជាជន និងធុរជនម៉ាឡេស៊ី។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សំគាល់ថា កិច្ចសហការដ៏ល្អ និងប្រកបដោយផ្លែផ្កាដល់ប្រទេស និងប្រជាជនទាំងពីរ គឺកើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំកម្ពុជាអភិវឌ្ឍលើគ្រប់វិស័យ និងជួយពូនជ្រំថែបំប៉នពង្រឹងពង្រីកចំណងមិត្តភាពការទូតកម្ពុជា និងម៉ាឡេស៊ីកាន់តែជិតស្និទ្ធ និងវិវឌ្ឍនជាលំដាប់ ជាពិសេសលើការផ្លាស់ប្តូរប្រជាជន ទេសចរដែលកាន់តែសកម្មក្នុងអាណត្តិរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






