ភ្នំពេញ ៖ តបតាមការអញ្ជើញពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជាគណ:អធិបតីភាពដ៏ខ្ពង់ខ្ពស់ និងផ្តល់បទបាឋកថា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់សិស្សចៅក្រម ព្រះរាជអាជ្ញា ជំនាន់ទី១១-១២ សិស្សសារការីជំនាន់ទី៣-៤ និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន ២០០ នាក់ នៅ ប.ភ.យ.ក.។
បទបាឋកថានេះធ្វើឡើងដោយអនុលោមតាមកម្មវិធីសិក្សារបស់សាលាភូមិន្ទវិជ្ជាជីវៈទាំងបួន និងសាលាច្បាប់ ដើម្បីឱ្យសិស្សវិជ្ជាជីវៈតុលាការ ទទួលការបណ្តុះបណ្តាលអំពី«ច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ» មុនចេញទៅប្រកបវិជ្ជាជីវៈនៅតាមសាលាជម្រះក្តីនានា។
កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា «បទបាឋកថានេះ ប្រព្រឹត្តទៅបានដោយមានការយកចិត្តទុកដាក់ និងយោងស្មារតី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តែងតែសំណូមពរ មកអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ផ្សព្វផ្សាយច្បាប់ការប្រឆំាងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកវិជ្ជាជីវៈច្បាប់ ឱ្យបានស៊ីជម្រៅបន្ថែមទៀត»។
កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម បណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលកន្លងមកតែងតែមានកិច្ចសហការល្អជាមួយ អ.ប.ព. ជាពិសេសលើការរៀបចំការប្រឡងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ ប្រកបដោយសុក្រឹតភាព និងមានមោទនភាពចំពោះសិស្សវិជ្ជាជីវៈតុលាការដែលប្រឡងជាប់ ពោរពេញដោយសមត្ថភាព ជាអ្នកសុចរិត មានសីលធម៌ និងស្អាតស្អំ។ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថា ទិសស្លោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត បានចាក់ឫសយ៉ាងមាំនៅគ្រប់ការប្រឡងប្រកបដោយគុណភាព និងសង្គមទាំងមូលសាទរទូទាំងប្រទេស មិនតែប៉ុណ្ណោះ ខាងវិជ្ជាជីវៈមេធាវី អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍ប្រឡងឃើញថាទទួលបានលទ្ធផលជាទីមោទនៈផងដែរ។
កិត្តិនីតិកោសលបណ្ឌិត បានលើកឡើងពី ស្ថាប័នប្រឆាំងអំពើពុករលួយ ច្បាប់ពាក់ព័ន្ធដល់ការប្រឆាំងអំពើពុករលួយ និយមន័យនៃបទល្មើសពុករលួយ បទស៊ីសំណូក បទសូកប៉ាន់ បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល បទល្មើសពុករលួយតូចតាច បទរំលោភអំណាច ឆបោក វិតិក្រម ស៊ីសូក ជំនួញឥទ្ធិពលសកម្ម អកម្ម បទកេងយកផលប្រយោជន៍ដោយខុសច្បាប់ បទបំផ្លាញ និងគៃបំបាត់ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទមានទ្រព្យសម្បត្តិដោយខុសច្បាប់ បទរារាំង និងជ្រៀតជ្រែកដល់ការងារ អ.ប.ព. បទប្តឹងបរិហារដោយភូតកុហក ការប៉ុនប៉ង ទោសបន្ថែមអនុវត្តចំពោះបទល្មើសពុករលួយ-អនុវត្តចំពោះនីតិបុគ្គល និងនីតិវិធីអនុវត្តចំពោះបទល្មើសពុករលួយរបស់ អ.ប.ព.។
បទបាឋកថានេះ ស៊ីចង្វាក់ជាមួយយុទ្ធសាស្រ្តបញ្ចកោណ-សម្តេចធិបតី មុំទី៤ ការលើកកម្ពស់ និងការពង្រឹង ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ផ្តោតអាទិភាពលើការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងវិស័យយុត្តិធម៌ និងប្រសិទ្ធភាព និងភាពរហ័ស នៃការដោះស្រាយវិវាទ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។
អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានធ្វើបទបាឋកថា “ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ” ចំនួន ៣ដងរួចមកហើយ កាលពីឆ្នាំ២០១៧, ឆ្នាំ២០១៩, និងឆ្នាំ២០២២ ដល់សិស្សវិជ្ជាជីវៈតុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







