ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូតប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គទូតថា កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។ តំបន់ទាំង៤ ខាងលើបានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាពរវាងប្រជាជនទាំងពីរ និងការប៉ះទង្គិចគ្នាដោយអាវុធ បើទោះជាមានការខិតខំដោះ ស្រាយតាមយន្តការទ្វេភាគីអស់រាប់ទសវត្សរ៍មកហើយក្តី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






