ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដែលប្រទេសកម្ពុជា សម្រេចដាក់ពាក្យប្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ រយៈពេល៦៣ឆ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា អត់ដកថយទេក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃនោះទេ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហររបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អត់មានការដកថយនោះទេ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ហេតុអ្វីបានជាយើងចាំថ្ងៃទី១៥ វាចៃដន្យចំថ្ងៃទី១៥ មិថុនា ១៩៦២ បើនិយាយត្រង់ទៅ ក៏វាជាការចៃដន្យ ប៉ុន្ដែអាចជាប្រផ្នូលល្អ សម្រាប់កម្ពុជា ដែលកម្ពុជាឈ្នះក្ដី ៦៣ឆ្នាំ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនបានត្រឹមតែនិយាយនោះទេ ក្នុងរយៈពេលត្រឹមតែពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយការសម្រេចចិត្ត កម្ពុជាបានដាក់បណ្តឹង ដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រឿងបិទព្រំដែន ជាទង្វើឯកតោភាគី អនុវត្តន៍ដោយថៃ។ ដូច្នេះបើក ក៏បើកដោយឯកតោភាគីទៅ កម្ពុជា នឹងអនុវត្តតាមក្រោយហើយ អត់មានអ្វីលំបាកនោះទេ។
សូមជម្រាបថា កម្ពុជាបានសម្រេចដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ លើវិវាទព្រំដែនជាមួយប្រទេសថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ។
បណ្តឹងរបស់កម្ពុជា លើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ។
លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូន លោកក្រឡាបញ្ជី Philippe Gautier៕រក្សាសិទ្ធដោយ ៖ សុទ្ធលី


