Wednesday, June 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាលរាជធានី ខេត្ត ស្តីពីការសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ បានចេញលិខិតជម្រាបមកឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ។

យោងតាមការចាំបាច់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាប ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃមានការវិវត្តប្រែប្រួល និង
មានភាពកាន់តែតានតឹងជារៀងរាល់ថ្ងៃគួរឱ្យកត់សម្គាល់ចាប់តាំងពីភាគីថៃដែលបានចូលមកបាញ់ប្រហារមក លើលេណដ្ឋានកងទ័ពកម្ពុជាបណ្តាលឱ្យពលីជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងប្រកាសផ្អាកផ្នែកខ្លះ ឬដាក់កំហិត ការចេញចូលឆ្លងដែនតាមច្រកទ្វារព្រំដែនរវាងកម្ពុជានិងថៃជាឯកតោភាគី។ ស្ថិតក្នុងស្ថានភាពនេះ ដើម្បីចៀសវាង បញ្ហាដែលអាចកើតមានឡើងជាយថាហេតុ និងធានាការពារនូវសន្តិសុខ សុវត្ថិភាព សិទ្ធិ និងសេចក្ដីថ្លៃថ្នូរ របស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រៀមលក្ខណៈសម្របសម្រួល និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ ដែលត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។

ផ្អែកតាមគោលការណ៍ណែនាំខាងលើនេះ និងដើម្បីសម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រង
ការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅ ក្នុងប្រទេសថៃប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ក្រសួងមហាផ្ទៃសូមធ្វើ ការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវ វិធានការចាំបាច់ដូចខាងក្រោម៖
១. រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ៖

  • ត្រូវត្រៀមវិធានការដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកកម្ពុជា
    វិញតាមច្រកទ្វារព្រំដែនរវាងកម្ពុជានិងថៃ ដោយគិតគូររៀបចំទីជម្រកសុវត្ថិភាពបណ្ដោះអាសន្ន គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រូពេទ្យសង្គ្រោះបន្ទាន់ និងមធ្យោបាយ ដឹកជញ្ជូន។ល។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ និងជនងាយរងគ្រោះ
  • ក្នុងករណីអាជ្ញាធរថៃចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញ ត្រូវស្នើសុំកិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញាធរនៃភាគីថៃ ដើម្បីជួយសម្រួលដល់ការដឹកជញ្ចូនប្រជា- ពលរដ្ឋខ្មែរឱ្យវិលត្រឡប់មកកម្ពុជាវិញ ដោយគិតគូរអំពីសុវត្ថិភាព លក្ខណៈមនុស្សធម៌ និង សិទ្ធិមនុស្ស ព្រមទាំងចាត់ឱ្យមានមន្ត្រីប្រចាំការសម្រាប់ទំនាក់ទំនងគ្នាជាមួយអាជ្ញាធរនៃភាគី ថៃ ដើម្បីផ្គាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងស្ថានភាពប្រជាពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរថៃចាប់ បញ្ជូនមកកម្ពុជាវិញ
  • ត្រូវចាត់ចែង និងសម្របសម្រួលដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរពីព្រំដែនទៅកាន់លំនៅឋានរៀងៗ ខ្លួននៅតាមរាជធានី ខេត្តនានា។ ទន្ទឹមនេះ ត្រូវជូនដំណឹងទៅរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ទាំងនោះ ឱ្យចូលរួមសហការ ជួយឧបត្ថម្ភ ដោះស្រាយ និងសម្របសម្រួលដល់ការដឹកជញ្ជូន ប្រជាពលរដ្ឋខ្មែរទៅកាន់លំនៅឋានរៀងៗខ្លួន

-ត្រូវណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនឱ្យពង្រឹងការគ្រប់គ្រងការចេញ ចូលឆ្លងកាត់ព្រំដែន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ សំដៅដោះស្រាយការ កកស្ទះនៅមាត់ច្រកទ្វារ ឬបាតុភាពនានាដែលអាចកើតមានឡើង ព្រមទាំងចាត់ចែងកម្លាំង ធានាការពារសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្រួលបែបបទឯកសារ ធ្វើដំណើរឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋខ្មែរមានលក្ខណៈងាយស្រួល និងឆាប់រហ័ស – ត្រូវណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអ្នករត់តាក់ស៊ីផ្ទាល់ខ្លួន មិនត្រូវដំឡើងថ្លៃសេវា ដឹកជញ្ជូនក្នុងអំឡុងពេលនេះជាដាច់ខាត

  • ត្រូវសហការ និងសម្របសម្រួលការងារនានាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុងការផ្ដល់ការ គាំទ្រ និងការជួយឧបត្ថម្ភនានាជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរពីប្រទេសថៃត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ
  • រៀបចំបង្កើតក្រុមការងារឱ្យទទួលបន្ទុកកិច្ចការនេះតាមច្រកទ្វារព្រំដែននីមួយៗ ដែលក្រុម ការងារនីមួយៗដឹកនាំដោយអភិបាលរងខេត្ត ០១រូប និងកំណត់ជនបង្គោលសម្រាប់ទំនាក់ទំនង និងផ្ដល់តួលេខ និងព័ត៌មាននានាជូនរដ្ឋបាលរាជធានី ខេត្ត និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

២. រដ្ឋបាលរាជធានី ខេត្តដទទៀត៖

  • ត្រូវចាត់អភិបាលរងរាជធានី ខេត្ត ០១រូប ជាជនបង្គោលដើម្បីទំនាក់ទំនង និងចូលរួមសហការ ជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយសម្របសម្រួល និងគាំទ្រដល់ការ ដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរទៅកាន់លំនៅឋានរៀងៗខ្លួន
  • ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលមានទីលំនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ពីព្រំដែនទៅកាន់លំនៅឋានរបស់ពួកគាត់ រួមទាំងជួយឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន
  • ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរនេះ ត្រូវយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×