ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹកនេះសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» បានអង្រួនបេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហាន រួមរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និងយោធា។
ទោះបីក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទ «ដែនដីខ្មែរ» ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា!យើងគាំទ្ររាជរដ្ឋាភិបាល_និងកងកម្លាំងជួរមុខកម្ពុជា!
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនខ្មែរគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជនយើង។
ពិធីបានបញ្ចប់ដោយជោគជ័យ គួរជាទីមោទនៈ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។
យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តម បានបញ្ជាក់ថា “ទូលបង្គំ ខ្ញុំព្រះករុណ ខ្ញុំបាទ សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេន ថ្វាយ និងជូន សម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ដែលបានមកប្រជុំគ្នានៅទីនេះ ពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លា តាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈ ក្ដីស្រលាញ់ ដើម្បីជាតិកម្ពុជា។
ជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ខ្ញុំសូមថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេរ្តកណ្តាល កំពងស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមសម្របសម្រួល រៀបចំ និងរាយការណ៍ព័ត៌មាន កម្មវិធីនេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ។
ការជួបជុំគ្នានៅក្នុងថ្ងៃនេះ លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនកងកម្លាំង ប៉ុន្តែជាសារមួយដែលបញ្ជាក់ថា នៅពេលដែលមានការគំរាមកំហែង ឬការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់កម្ពុជា គឺប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ”។
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ជាមួយបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ។ កម្មវិធីនេះទទួលបានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមមានទាំងព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ជាពិសេស អ្នកចូលរួមមកពីគណបក្សនយោបាយនានាក៏បានចូលរួមជាមួយគ្នាផងដែរ។
សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជនរួមជាតិដែលអញ្ជើញមកពីគ្រប់ទិសទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ។ ការចូលរួមរបស់បងប្អូនជនរួមជាតិនាពេលនេះ បានបង្ហាញពីទឹកចិត្តយ៉ាងធំធេងទៅកាន់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី















































