(បន្ទាយមានជ័យ): នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ រុន រចនា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៦ ខែមិថុនា នៅចំណុចមាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់ទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០២និង០០នាទី ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ប៉ិល ឡាទីហ្វ (ហុង) ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងម៉ូតូម៉ាកហុងដា ស៊ូម័រអ៊ិច ពណ៌សលាយពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១F-៩២១៤ និងកូនសោក្លែងចំនួន០៣គ្រាប់ នៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


