រាជធានីភ្នំពេញ ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ន និងកម្មវិធីអនាគតរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។
ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្ស៊ីយុទ្ធសាស្ត្រអឺរ៉ុបរួម ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅដោះស្រាយគម្លាតអភិវឌ្ឍន៍សំខាន់ៗ។
ឯកឧត្តមបានលើកឡើងថា៖ “យើងខ្ញុំស្នើឱ្យ Team Europe មិនត្រឹមតែបន្តកម្មវិធីគាំទ្រដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែសូមពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ និងចំគន្លឹះនៃបញ្ហា – តើមានអ្វីផ្សេងទៀតដែលយើងត្រូវធ្វើនាពេលនេះ ដើម្បីឱ្យ ២០២៩ កម្ពុជាអាចសម្រេចជោគជ័យ។ ដំណើរអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវឈានទៅមុខមួយជំហានម្តងៗ ដោយជំហានបន្ទាប់ នឹងផ្តោតលើការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃផលិតផលកសិកម្ម និងឧស្សាហូបនីយកម្ម មុននឹងឈានដល់ដំណាក់កាលកំណើនដែលផ្អែកលើសេវាកម្ម។”
គណៈប្រតិភូសហភាពអឺរ៉ុបបានជម្រាបជូនអំពីយុទ្ធសាស្ត្រអឺរ៉ុបរួម កម្មវិធី Global Gateway និងគំនិតផ្តួចផ្តើមអឺរ៉ុបរួម-ដំណាក់កាលទី២ (TEI 2) ដែលគ្រោងវិនិយោគប្រមាណ ៥០០ លានអឺរ៉ូ លើកម្មវិធីចំនួន ២៥ រហូតដល់ឆ្នាំ២០២៧។ គណៈប្រតិភូក៏បានរំលេចនូវគម្រោង និងសមិទ្ធផលជោគជ័យសំខាន់ៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
គម្រោងសំខាន់មួយរបស់ Team Europe ដែលត្រូវបានរំលេចជាសមិទ្ធផលជោគជ័យក្នុងកិច្ចប្រជុំនេះ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ក្រោមកម្មវិធី Global Gateway ដែលគាំទ្រដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជាមួយនឹងការវិនិយោគរួមរបស់សហភាពអឺរ៉ុបជាង ៦០០លានអឺរ៉ូ សម្រាប់ដំណាក់កាលទាំង៣ គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទ្វេដង ពី ០,៦ លាន ទៅ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយពង្រីក និងកែលម្អបណ្តាញប្រវែងជាង ៥.០០០ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារជាង ៥០០.០០០ តំណ រួមទាំងសម្រាប់តំបន់ឧស្សាហកម្ម។
ឯកឧត្តម ហែម វណ្ណឌី ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបគាំទ្រកម្ពុជាបន្ថែមក្នុងវិស័យដែលជាគន្លឹះសម្រាប់ឧស្សាហូបនីយកម្ម ពិសេសពាក់ព័ន្ធនឹងលក្ខណ្ឌតម្រូវទីផ្សារ និងបទប្បញ្ញត្តិបច្ចេកទេស ដោយផ្តោតលើកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញផលិតភាព ភាពប្រកួតប្រជែង និងសមត្ថភាពរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មធុនធំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









