Wednesday, June 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកានៃគណៈកម្មាធិការប្រតិបត្តិដឹកនាំ សរុបប្រមាណ ១១២រូប។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ មុននឹងដាក់ឆ្លងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាពេលខាងមុខ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តវិធានការផែនទីបង្ហាញផ្លូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងចក្ខុវិស័យ​ប្រែក្លាយកម្ពុជា ជា​ “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា​ ក្នុងឆ្នាំ២០២៣-២០២៤”។

ជាកិច្ចបន្ត ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ​ក.អ.ក. និងជាអនុប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (លេខាធិការដ្ឋាន IDP) បានធ្វើបទបង្ហាញអំពី​ “សាវតារ និងវឌ្ឍនភាពការងាររបស់ ក.អ.ក. ក្នុងក្របខណ្ឌជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ” ព្រមទាំង លោក កែន ដាវីត ទីប្រឹក្សាអម ក.អ.ក. និងជាប្រធានក្រុមស្រាវជ្រាវនៃលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញស្ដីពី “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា​ ក្នុងឆ្នាំ២០២៣-២០២៤” ដែលមានការចូលរួមពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍នេះយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ។

គួរកត់សម្គាល់ផងដែរថា ក្រោយពីបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ចបានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។​ ជាក់ស្ដែង នៅឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។ ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×