ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តមអគ្គរដ្ឋទូត Heinrich Schellenberg រដ្ឋលេខាធិការទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វ៊ីស នូវកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេសកម្ពុជា-ស្វ៊ីស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥។
ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយនេះ និងកិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពហុសណ្ឋាន ជាពិសេស វិស័យលើនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជាផល ប្រយោជន៍រួមរវាងប្រទេសទាំងពីរ។ សហប្រធានទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់រួម និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




