Thursday, June 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យការងារអាទិភាពមួយចំនួន។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី២និងទី៣មិថុនា កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតី រួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អនិងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមនឹងភាគីពាក់ព័ន្ទទំាងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តពេញទំហឹង ជូនថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា បំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនខ្មែរថៃ ឱ្យបានសស្រាក់សស្រាំក្នុងស្មារតីលះបង់ខ្ពស់ ចំណែកអ្នកនៅជួរក្រោយបន្តគំាទ្រនិងលើកទឹកចិត្តអ្នកនៅជួរមុខ ជានិច្ច។

កិច្ចប្រជុំក៏បានបានលើកឡើងពីការគំាទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្តិវិធី បន្តអនុវត្តយន្តការដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចា និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ )ជាដើម។កិច្ចប្រជុំក៏បានថ្លែងការគោរពនិងកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះមនសិការស្នេហាជាតិ ដ៏ស្មោះស មោះមុតខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់អនុសាសន៍និងចែករំលែកនូវបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជូនដល់រាជរដ្ឋាភិបាលនិងជនរួមជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×