Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃជាអចិន្ត្រៃយ៍ បន្ទាប់ពីកងទ័ពថៃបន្តប្រើវិធានការជាឯកតោភាគី

កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។

សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ និងជូនដំណឹងទៅភាគីថៃផងដែរ។

សម្តេចបានបញ្ជាក់ថា កងទ័ពថៃបានប្រើវិធានការបិទច្រក និងកែប្រែម៉ោងបើកបិទ ដោយស្ថិតតែមួយភាគី មិនគិតដល់ផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនមានបំណងបង្កការលំបាកដល់ប្រជាជននោះទេ ប៉ុន្តែបើកងទ័ពថៃបន្តប្រើវិធីនេះដើម្បីដាក់សម្ពាធ គឺកម្ពុជាក៏ត្រៀមខ្លួនដែរ។

សម្តេចបានបញ្ជាក់ថា វាជារឿងចម្លែកដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រី ស្នើសុំឲ្យចរចាដើម្បីបើកច្រកវិញ តែពេលតែមួយ កងទ័ពថៃវិញបន្តបិទ ឬកែសម្រួលម៉ោងតាមចិត្តដោយគ្មានការសម្របសម្រួល។ នេះបង្ហាញពីភាពខ្វះឯកភាព និងគោលនយោបាយច្បាស់លាស់រវាងថ្នាក់ដឹកនាំនិងកងទ័ពរបស់ថៃ។

សម្តេចបានបញ្ជាក់ថា នៅកម្ពុជា តាំងពីថ្នាក់ដឹកនាំជាតិរហូតដល់កងទ័ពជួរមុខ មានការអនុវត្តច្បាស់លាស់នៃបទបញ្ជា។ ក្នុងករណីនេះ កម្ពុជាមិនចាំបាច់ចរចារទ្វេភាគីឡើយ ព្រោះបើថៃចង់ឲ្យស្ថានភាពប្រក្រតីវិញ គ្រាន់តែបើកច្រកវិញដូចស្ថានភាពមុនថ្ងៃទី ៧ មិថុនា ជាឯកតោភាគី។ កម្ពុជានឹងបើកច្រកវិញក្នុងរយៈពេលយ៉ាងយូរប្រាំម៉ោងក្រោយនោះ។

សម្តេចបានបញ្ជាក់ថា៖ នេះជាដំណោះស្រាយសាមញ្ញសម្រាប់ថៃ ប្រសិនបើមានជំហរពិតប្រាកដចង់ឲ្យបើកច្រកព្រំដែនឡើងវិញ ដោយមិនចាំបាច់ចរចាឬខាតពេលវេលាឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×