Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅ

រាជធានីភ្នំពេញ៖ កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩៖១០នាទី មានករណីឃាតកម្ម បានកើតឡើងនៅ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលជនរងគ្រោះឈ្មោះ ហុង ថន ហៅធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅកន្លែងកើតហេតុ។
ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ សារិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅទីតាំងកើតហេតុខាងលើ ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយបានធ្វើឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាប់បិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ហុង ថន ហៅ ធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះស្រវឹងស្រា រួចប្រើពាក្យសម្តីមិនសមរម្យមកលើខ្លួន ហើយយកកាំបិតបុ័ងតោកាប់មកលើខ្លួនឲ្យរបួសត្រង់ផ្ទៃមុខ និងដៃ ទើបធ្វើឱ្យខ្លួនមានការខឹង ហើយធ្វើសកម្មភាពខាងលើតែម្តង។
បន្ទាប់ពីបានធ្វើការសាកសួររួច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីអនុវត្តនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×