ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើកំណត់ទូតតវ៉ាយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ដូចឃើញចុះផ្សាយក្នុងសារព័ត៌មានថៃថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ Paetongtarn នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ក្រសួងការបរទេសកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងសូមគូសបញ្ជាក់ថា វាគឺជាការអនុវត្តទៅតាមស្តង់ដារ និង ការទទួលស្គាល់ជាអន្តរជាតិ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅ ពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។
គោលបំណងនៃការកត់ត្រាបែបនេះគឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវគារវកិច្ច ចំពោះស្ថានទូតថៃនៅទីក្រុងភ្នំពេញនិងមានកិត្តិយសសូមជំរាបជូនភាគីថៃដូចខាងក្រោម៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់ លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ដូចឃើញចុះផ្សាយក្នុងសារ ព័ត៌មានថៃថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ជំទាវ ផែថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមគូសបញ្ជាក់ថា វាគឺជាការអនុវត្តទៅតាមស្ដង់ដារ និង ការទទួលស្គាល់ជាអន្តរជាតិ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅ ពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត – សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។ គោលបំណងនៃការកត់ត្រាបែបនេះគឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្ដឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយ ដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជា និងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹង មន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ ពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ នឹងធ្វើឱ្យខូចដល់ គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍន៍ដ៏គួរឱ្យសោកស្ដាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែល អាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមឆ្លៀតឱកាសនេះដើម្បី សម្ដែងគារវកិច្ចដ៏ខ្ពស់ខ្ពស់សាជាថ្មីចំពោះស្ថានទូតថៃប្រចាំនៅភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



