Tuesday, June 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករមូលបត្រកម្ពុជា ពិនិត្យឃើញមានជនខិលខូច បានឆ្លៀតឱកាសប្រើប្រាស់ឧបាយកលផ្សេងៗ ផ្សព្វផ្សាយតាមហ្វេសប៊ុក តេឡេក្រាម ដើម្បីទាក់ទាញសាធារណជន ឱ្យដាក់ប្រាក់វិនិយោគលើគម្រោងវិនិយោគ ដោយសន្យាផ្ដល់នូវភាគលាភ ឬប្រាក់ចំណេញ

ខេត្តស្ទឹងត្រែង​ ៖ ថ្ងៃទី២៤ ខែមិថុនា គ.ស.២០២៥ នៅសាលាខេត្តស្ទឹងត្រែង ក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួង មហាផ្ទៃ បានរួមគ្នាសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារ វិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត” នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព របស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយកស្ដីទីនៃតករមូលបត្រកម្ពុជា ( ន.ម.ក.) លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ឯកឧត្តមព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត លោកអនុប្រធានសាលាដំបូងខេត្ត លោក/លោកស្រីអភិបាល អភិបាលរងក្រុង/ស្រុក/ខណ្ឌ មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានទូទាំងខេត្ត ស្ទឹងត្រែង ព្រមទាំងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងការកៀរគរមូលនិធិស្របច្បាប់នេះ និយ័តករមូលបត្រកម្ពុជាក៏ពិនិត្យឃើញមានជនខិលខូច បានឆ្លៀតឱកាសប្រើប្រាស់ឧបាយកលផ្សេងៗ ផ្សព្វផ្សាយតាមហ្វេសប៊ុក តេឡេក្រាម សិក្ខាសាលា វគ្គបណ្តុះបណ្តាល ដើម្បីទាក់ទាញសាធារណជន៖
១-ឱ្យដាក់ប្រាក់វិនិយោគលើគម្រោងវិនិយោគណាមួយច្បាស់លាស់ ពិតប្រាកដ ដោយសន្យាផ្ដល់ដល់ អ្នកដាក់ប្រាក់វិនិយោគទាំងនោះនូវភាគលាភ ឬប្រាក់ចំណេញ ដែលករណីនេះជាប្រតិបត្តិការពាក់ព័ន្ធនឹង វិស័យមូលបត្រ ដែលត្រូវមានអាជ្ញាបណ្ណ ឬការអនុញ្ញាតជាមុនពី ន.ម.ក.។ ករណីគ្មានអាជ្ញាបណ្ណ បុគ្គល ប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន។២-ឱ្យដាក់ប្រាក់ជ្រកក្រោមរូបភាពជាការវិនិយោគ ដោយសន្យាផ្តល់នូវប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ខុសពីធម្មតា ប៉ុន្តែមិនបានយកប្រាក់ដែលប្រមូលបានទាំងនោះទៅវិនិយោគពិតប្រាកដនោះទេ ឬបំភាន់ក្នុង រូបភាពយកប្រាក់ទទួលបានពីអ្នកថ្មីមកឱ្យអ្នកចាស់ ដែលករណីនេះគឺជាការឆបោក ដែលជាបទល្មើសមាន ចែងនិងផ្តន្ទាទោសក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមាន ភាពងាយស្រួល ឆាប់រហ័ស ហេតុនេះ ឧក្រិដ្ឋជនបានបង្កើតក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណក្នុងវិស័យមូលបត្រ ដើម្បីឱ្យប្រជាពលរដ្ឋជឿ និងជ្រុលខ្លួនចាញ់បោក ក្លាយជាជនរងគ្រោះដាក់ប្រាក់ឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ ដូចនេះ ឯកឧត្តម សៀង ធីរិទ្ធ បានផ្ដល់នូវ សារគន្លឹះក្រើនរំលឹកដល់អ្នកចូលរួមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែសូមកុំខ្លាចចំពោះការវិនិយោគដែលស្របច្បាប់និងមានភាពត្រឹមត្រូវ ដើម្បីផ្ដល់នូវការរីកចម្រើននិងកំណើនហិរញ្ញវត្ថុ។ សូមវិនិយោគតែជាមួយក្រុមហ៊ុន ណាដែលមានអាជ្ញាបណ្ណស្របច្បាប់ និងមានផលិតផលដែលបានចុះបញ្ជី និងទទួលបានការអនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរ/និយ័តករមានសមត្ថកិច្ច។

ជាងនេះទៀត វាគ្មិនតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានចែករំលែកចំណេះដឹង និងបទ
ពិសោធន៍ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យាដែលមានភាពជឿនលឿន និងទាមទារឱ្យរួមគ្នាផ្ដល់កិច្ចសហការ ដើម្បីចែករំលែកព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឱ្យទាន់ ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងស្នើសុំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំលក់គណនីធនាគាររបស់
ខ្លួនទៅឱ្យជនទុច្ចរិតដែលនឹងយកទៅប្រើប្រាស់ប្រព្រឹត្តបទល្មើសនាំទុក្ខទោសដល់ខ្លួន។ រីឯវាគ្មិនតំណាង
ក្រសួងយុត្តិធម៌ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកទេសស៊ើបអង្កេត ហិរញ្ញវត្ថុ ដើម្បីឱ្យយល់ដឹងបន្ថែមពីតួនាទីរបស់អង្គភាពនីមួយៗ រួមគ្នាសហការស៊ើបអង្កេត ទប់ស្កាត់បទល្មើស ហិរញ្ញវត្ថុ រួមទាំងប្រឆាំងនឹងការសម្អាតប្រាក់ដោយពួកឧក្រិដ្ឋជន។
ដូចនេះ សិក្ខាសាលាបានផ្ដល់ឱកាសដល់សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ឱ្យកាន់ តែស៊ីជម្រៅពាក់ព័ន្ធនឹង ការប្រមូលមូលនិធិក្រោមរូបភាពវិនិយោគពិតប្រាកដក្នុងវិស័យមូលបត្រដោយស្រប ច្បាប់ រូបភាពវិនិយោគក្នុងវិស័យមូលបត្រដែលគ្មានអាជ្ញាបណ្ណ និងរូបភាពឆបោកជ្រកក្រោមរូបភាពនៃ ការវិនិយោគ បទល្មើសតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ។ តាមរយៈនេះ ឯកឧត្តម សៀង ធីរិទ្ធ ក៏បានស្នើសុំកិច្ចសហការពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ទូទាំងខេត្តស្ទឹងត្រែង ឱ្យជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់នូវសកម្មភាពខុសច្បាប់ និងរួមគ្នាចាត់វិធានការផ្លូវច្បាប់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ ការកៀរគរថវិកា និងការប្រមូលមូលនិធិពីប្រជាពលរដ្ឋក្រោមរូបភាពវិនិយោគផ្សេងៗ ដោយសន្យាផ្តល់ប្រាក់ ចំណេញ ឬការប្រាក់ខ្ពស់ ដែលជាសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង សេដ្ឋកិច្ចជាតិផងដែរ។

សេចក្តីអំពាវនាវ៖ តេឡេក្រាមទាំងឡាយណា
សូមសាធារណជនដែលមានគណនីតេឡេក្រាមពិតប្រាកដរបស់ខ្លួននៅក្នុងក្រុម ដែលផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគដែលមិនមែនជា
ការវិនិយោគស្របច្បាប់និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ ឬសន្យាផ្តល់ប្រាក់ចំណេញត្រឡប់មកវិញច្រើនខុស ពីធម្មតា សូមរួសរាន់ចាកចេញ (Leave) ពីក្រុមតេឡេក្រាមទាំងនោះជាបន្ទាន់ ដើម្បីចៀសវាងការចាញ់បោក ឬមានការពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ អាជ្ញាធរនឹងចាត់វិធានការផ្សព្វផ្សាយបញ្ជីឈ្មោះគណនីតេឡេក្រាម ដែលនៅបន្តជាសមាជិកមិនបានចាកចេញពីក្រុមតេឡេក្រាមទុច្ចរិតទាំងនោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×