Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈផ្សារទំនើបអូឡាំព្យា”

ភ្នំពេញ : ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈផ្សារទំនើបអូឡាំព្យា” ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅផ្សារទំនើបអូឡាំព្យា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា​ សមិទ្ធផលការងារជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាននាពេលកន្លងមក ពុំមែនកើតឡើងដោយការចៃដន្យនោះទេ តែកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងនៅក្នុង អាណត្តិមុនៗ និងអាណត្តិទី៧នេះ ព្រមទាំងការចូលរួមរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ ថ្នាក់ ដែលបានគិតគូរបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ សុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស គឺជាកត្តាមិនអាចខ្វះបាន ដែលបានបើកឱកាសឱ្យរាជរដ្ឋាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ក្នុងរយៈ
ពេលជាង២ទសវត្សចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បិតាសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា ពិតណាស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុ វិស័យសំខាន់ៗចំនួន២ រួមមាន៖ ១)ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយ ភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យ មានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

ជាក់ស្តែង តាមរយៈចក្ខុវិស័យទី១ ដែលផ្តោតលើការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងខិតខំធ្វើយ៉ាងណាពង្រឹងការផ្តល់សេវា សាធារណៈឱ្យកាន់តែល្អប្រសើរ បង្កើតជម្រើសសេវាថ្មីៗបន្ថែម និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដោយខ្លួនឯងបាន។

ឯកឧត្តម បានថ្លែងបន្តទៀតថា ដូចដែល លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ បានលើកឡើងមុននេះបន្ដិច ចាប់តាំងពីពេលចាប់ផ្ដើមបើកឱ្យដំណើរការជាផ្លូវការនូវការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត នៅឆ្នាំ២០២០ រហូតមកទល់ពេលនេះ មានរយៈពេល៥ឆ្នាំមកហើយ ដែលលទ្ធផលជាផ្លែផ្កានេះ ប្រសូតចេញពីគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំក្រសួងក្នុងអាណត្តិមុន គឺ ឯកឧត្តមឧបនាយករដ្ឋមន្តី ស៊ុន ចាន់ថុល ដោយបានបង្កើតនូវសមិទ្ធផលថ្មីផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាទំនើបក្នុងការផ្ដល់ សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។ ជាការកត់សម្គាល់អំពីប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ ខ្លួនសម្រាប់រថយន្តនេះ ឃើញថាមានការគាំទ្រ និងពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន។

ដោយសារភាពជោគជ័យនេះ គួបផ្សំនឹងសំណូមពរដ៏ច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងការ បង្កើតឱ្យមានលេខពិសេសសម្រាប់ម៉ូតូ និងដោយទទួលបានការគាំទ្រ ក៏ដូចជាគោលការណ៍ ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតីនាយករដ្ឋមន្ត្រី គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់ លេខចុះបញ្ជីយានជំនិះ បានធ្វើការសិក្សា និងរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួននេះឡើង ដែលនឹងប្រកាសបើកឱ្យប្រើប្រាស់ ជាផ្លូវការនាពេលបន្តិចទៀតនេះ។
ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រ យានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា នាពេលនេះគឺជា សមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសម្រាប់ជំរុញកំណើនប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល តាមរយៈការប្រើប្រាស់សក្តានុពល បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបានគូសបញ្ជាក់ជូនអង្គពិធីជ្រាបថា ការបើកឱ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអូឡាំព្យា នាពេលនេះ មានគោលបំណងដើម្បីបង្ខិតសេវាសាធារណៈរបស់ក្រសួងឱ្យ កាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក្រៅផ្លូវការ និងបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការផ្ដល់សេវាសាធារណៈរបស់ក្រសួងជូនដល់ ប្រជាពលរដ្ឋ ហើយស្របពេលជាមួយគ្នានេះ ការបើកឱ្យប្រើប្រាស់ប្រព័ន្ធលក់លេខពិសេសផ្ទាល់ ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន គឺដើម្បីផ្ដល់ជម្រើសបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋក្នុងការជ្រើសរើសលេខតាមចំណង់ចំណូលចិត្ត។ ជាក់ស្ដែង ការប្រើប្រាស់ ប្រព័ន្ធថ្មីនេះ នឹងផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនតាមប្រព័ន្ធឌីជីថល ដោយពួកគាត់អាចធ្វើការទិញលេខ និងចុះ បញ្ជីតាមប្រព័ន្ធដោយខ្លួនឯងនៅកន្លែងណាក៏បានឱ្យតែមានសេវាអ៊ីនធឺណិត ។
ឯកឧត្តមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីយានជំនិះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ រៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់ បួន និងមណ្ឌលផ្តល់សេវាសាធារណៈនេះឡើង។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកាំត្រង់ស៊ីបដែលតែងតែផ្ដល់ការ
គាំទ្រដល់ការលើកកម្ពស់សេវាសាធារណៈរបស់ក្រសួង និងសូមអរគុណដល់ផ្សារទំនើបអូឡាំព្យា ដែលបានផ្តល់សម្ភារៈ និងទីតាំងសម្រាប់រៀបចំមណ្ឌល ហើយខ្ញុំក៏សូមស្នើដល់អង្គភាពជំនាញ គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនឯកជនដែលជាដៃគូសហការរបស់ក្រសួង សូមបន្តកិច្ចសហការ ឱ្យកាន់តែសកម្មថែមទៀតក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាការឆ្លើយតបការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមស្នើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យផ្ដល់ព័ត៌មានត្រឡប់មកវិញផងដែរ អំពីការប្រើប្រាស់សេវាថ្មីៗរបស់ក្រសួងតាមរយៈប្រព័ន្ធឌីជីថល ក៏ដូចជាសេវាសាធារណៈផ្សេងៗទៀត
ដើម្បីក្រសួងអាចពិនិត្យលទ្ធភាពកែលម្អដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូន ប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ : សុទ្ធលី

×