Saturday, June 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបាត់ដំបង បើកព្រឹត្តិការណ៍ផ្លែឈើ២០២៥ ដោយមានការដាក់តាំងលក់បន្លែផ្លែឈើក្នុងស្រុកជាច្រើនមុខ

ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់។

មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។
ឯកឧត្តម សុខ លូ បានបង្ហើបពីគោលបំណងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគត។
ឯកឧត្តម សុខ លូ ​បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះនឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការបានលក់ដូរបន្លែផ្លែឈើនិងផលិតផលរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រអ្វីដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបងយើង។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្ត។

ជាមួយគ្នានេះរដ្ឋបាលខេត្តបានរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងម៉ាស៊ីនត្រជាក់ដោយបន្ថែមផ្លែឈើផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធដោយមិនគិតថ្លៃហើយសម្រាប់ទុរេនគឺបកផ្ទាល់ដោយម្ចាស់ចម្ការ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×