ក្នុងឱកាស ប្រារព្ធមិទ្ទិញអបអរសាទរ ខួប៧៤ឆ្នាំ នៃ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ នេះ នឹងរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥។
ជាតឹកតាង ដែលអាចកត់សម្គាល់ចំពោះសន្ទុះរីកចម្រើននេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥ននេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបាន ២៥ ៥០៣លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះ ការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។
ចំណែកគម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ មានចំនួន ២៩០គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ពាន់លានដុល្លារអាម៉េរិក កើន ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។
រីឯចំនួនសហគ្រាសគ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករ-និយោជិតសរុប ១,៨៧លាននាក់ កើនប្រមាណ៥ម៉ឺននាក់។
ការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៥ សម្រេចបាន ៩០៧ ៨៨៩ហិចតា លើសឆ្នាំមុន ៦៧ ៧០១ហិចតា , ឯការប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន ៤ ២៥៤ ៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%។
ទាក់ទងនឹងវិស័យទេសចរណ៍ កម្ពុជាបានទទួលបានទេសចរអន្តរជាតិ ចំនួន ២,៩៥លាននាក់ កើន ១១,៧% , ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤៕ រក្សាសិទ្ធដោយ : ពិសិដ្ឋ CEN









