Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតអុិន តារា ធ្វើបទអន្តរាគមន៍នៅក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការរក្សា និងអភិវឌ្ឍប្រព័ន្ធយុត្តិធម៌របស់ពួកគេ

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំលើកទី៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោមរបៀបវារៈ៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពតុលាការ និងមេធាវី ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការរក្សា និងអភិវឌ្ឍប្រព័ន្ធយុត្តិធម៌របស់ពួកគេ។

ឯកឧត្តម ឯកអគ្គរាជទូតបានលើកឡើងបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌ជនជាតិដើមដែលចាក់ឬសតាមការចងចាំ ដីធ្លី និងអត្តសញ្ញាណរួម មិនគួរត្រូវបានចាត់ទុកថាជារឿងបន្ទាប់បន្សំនៃច្បាប់នោះទេ។ ផ្ទុយទៅវិញ ប្រព័ន្ធទាំងនេះជាការបញ្ជាក់នូវមនសិការច្បាប់ ភាពស៊ីសង្វាក់គ្នា និងនិរន្តរភាពយ៉ាងជាប់លាប់។ ប្រព័ន្ធទាំងនេះមិនមែនគ្រាន់តែជាជម្រើសបន្ទាប់បន្សំទេ ប៉ុន្តែជារបបច្បាប់គ្រឹះដែលបានចាប់ផ្ដើមនិងបន្តមានមុនការចាប់កំណើតរដ្ឋសម័យទំនើបទៅទៀត បើទោះបីជាប្រព័ន្ធទាំងនេះជាញឹកញាប់ត្រូវបានមើលរំលង ឬកប់បាត់ក្នុងវោហាសាស្ត្រអំពីឯកភាពនៃច្បាប់ក៏ដោយ។

ឯកឧត្តម ឯកអគ្គរាជទូតបានផ្តល់អនុសាសន៍ថា ការស្ដារឡើងវិញនៃយុត្តិធម៌មិនត្រឹមតែជាការកែទម្រង់ស្ថាប័ននោះទេ ប៉ុន្តែត្រូវការការទទួលស្គាល់ផ្នែកវប្បធម៌ផងដែរ។ ដោយយោងទៅលើបទពិសោធន៍កម្ពុជា ប្រព័ន្ធយុត្តិធម៌នឹងមានប្រសិទ្ធភាពខ្ពស់បំផុត នៅពេលមានការផ្សំគ្នានឹងតម្លៃ និងប្រពៃណីរបស់សហគមន៍ដែលត្រូវបម្រើ។ នៅតំបន់ជនបទ និងព្រៃភ្នំ ជនជាតិដើមភាគតិចនៅតែបន្តប្រើប្រាស់វិធីសាស្ត្រក្នុងការដោះស្រាយវិវាទ ដែលផ្អែកលើការស្ដារឡើងវិញ ការចងភ្ជាប់ទំនាក់ទំនង និងសុខដុមរមនាក្នុងសង្គម។

ឯកឧត្តម ឯកអគ្គរាជទូតក៏បានលើកឡើងពីការខិតខំរបស់កម្ពុជា ក្នុងការទទួលស្គាល់ និងរួមបញ្ចូលប្រព័ន្ធយុត្តិធម៌ជនជាតិដើមភាគតិច រួមមានការចេញប័ណ្ណកម្មសិទ្ធដីរួម កម្មវិធីជំនួយផ្នែកច្បាប់ និងកម្មវិធីអប់រំពហុភាសា។ គំនិតផ្តួចផ្តើមទាំងនេះមិនមែនគ្រាន់តែជានិមិត្តរូបទេ គឺជាការបញ្ជាក់ជារចនាសម្ព័ន្ធថា យុត្តិធម៌ជនជាតិដើមមិនមែនជារឿងព្រេងនិទាននោះទេ ប៉ុន្តែជាផ្នែកមួយស្របច្បាប់ ក្នុងក្របខ័ណ្ឌច្បាប់របស់កម្ពុជា។

ឯកឧត្តម ឯកអគ្គរាជទូតបានសន្និដ្ឋានថា នៅកន្លែងណាដែលយុត្តិធម៌ជនជាតិដើមត្រូវបានគោរព នោះការរួបរួមជាតិត្រូវបានពង្រឹង។ នៅក្នុងពហុភាពនៃច្បាប់ គឺស្ថិតនៅលើភាពរឹងមាំនៃនីតិរដ្ឋ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×