Tuesday, July 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ចាប់ឆ្នោតជុំទី១ សម្រាប់អ្នកដែលបានដាក់ពាក្យសុំដី

ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានដំណើរការកម្មវិធីចាប់ឆ្នោត សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ ក្នុងចំណោមអ្នកដែលបានស្នើសុំដីចំនួន ១២ ៣២៩គ្រួសារ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការផ្សាយផ្ទាល់តាមស្ថានីយទូរទ្សសន៍ជាតិកម្ពុជា (ទ.ទ.ក)។

ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបង្ហញថា ការចាប់ឆ្នោតជុំទី១ គឺធ្វើឡើងម្តងមួយខេត្តៗ និងធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ដោយចាប់និងបង្ហាញសន្លឹកឆ្នោតជាសាធារណៈ ដោយប្រកាសឈ្មោះអ្នកដាក់ពាក្យសុំដី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងលេខបង្កាន់ដៃទទួលពាក្យ។

ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពរូបនេះ បានបញ្ជាក់ថា ក្នុងការចាប់ឆ្នោតជុំទី១នេះ នឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ ដោយកំណត់អត្រាចំនួន ២០% តាមរាជធានី ខេត្ត ដោយចំនួនសន្លឹកឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីដែលត្រូវចាប់យកតាមរាជធានី ខេត្តនីមួយៗ មានចំនួនខុសៗគ្នាហើយការចាប់ឆ្នោត ត្រូវធ្វើរហូតដល់គ្រប់ចំនួនកំណត់។

ចំពោះគ្រួសារដែលនឹងមានសំណាងក្នុងការចាប់ឆ្នោតចំនួន ២ ៥០០គ្រួសារ តាមលំដាប់លេខរៀងដែលចាប់ឆ្នោតបានក្នុងរាជធានី ខេត្តសាមី បែងចែកជាពីរគឺ ទី១ អ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ ឆ្នោតបានមុនគេនិងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរសែវ ឃុំស្មៅនិងឃុំសាមឃួយ ស្រុក សេសាន ខេត្តស្ទឹងត្រែង។ ចំណែកទី២ ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំដី ដែលមានសំណាងចំនួន ២ ០០០គ្រួសារ ដែលនៅសល់ពុំទាន់ បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិនឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់ជំនួសបំពេញចំនួនកំណត់ ៥០០គ្រួសារ និង/ឬគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី។ ឯកឧត្តម សរ សុវណ្ណ បានបញ្ជាក់ថា សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះ ក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

សូមជម្រាបថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីរបស់លេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្រប។ ចំពោះករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឲ្យគ្រប់ចំនួន ៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី៕រក្សាសិទ្ធដោយ៖ សុទ្ធលី

×