Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម បង្កើនសន្ទុះនៃនវានុវត្តន៍ភាព និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយសហគ្រិនស្ត្រីក្នុងតំបន់

បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) សហការជាមួយ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) និងរៀបចំដោយ ក្រុមហ៊ុន អាយដេន អេជិនស៊ី (iDEN Agency) បានប្រារព្ធកម្មវិធី សន្និសីទកាសែតជាផ្លូវការ ក្នុងការប្រកាសអំពី វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ២០២៥ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទនៃសណ្ឋាគារ Novotel ។

នៅចំពោះមុខ គណៈធិបតី ៤រូប ដែលមានដូចជា លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមគមន៍ទេសចរណ៍កម្ពុជា លោកជំទាវ ចាន់ ភារី ប្រធានសមាគមន៍សហគ្រិនស្ត្រីកម្ពុជា លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិ MeKong Net និងភ្ញៀវកិត្តិយសសំខាន់ៗដែលមកពីគ្រប់បណ្តាស្ថាប័ន រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ ជាតិ និងអន្តរជាតិ និង អ្នកសារព័ត៌មាន សន្និសីទកាសែតជាផ្លូវការនេះបានប្រកាសយ៉ាងឱឡាឫកអំពីភាពរួចរាល់ និងសេចក្តីសោមនោស្សរីករាយក្នុងការធ្វើខ្លួនជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ចដ៏មានឥទ្ធិពលមួយនេះ ដែលមានបុព្វហេតុ លើកកម្ពស់ និងសាទរ ទៅកាន់សហគ្រិនស្ត្រីឆ្នើមទូទាំងអាស៊ីអាគ្នេហ៍។

វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ដែលនឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើ សារចម្បងមួយ ដែលមានចំណងជើងថា៖ ពិភពលោកនឹងរីកចំរើនរុងរឿងនៅពេលដែលយើងសហការគ្នាជាធ្លុងមួយ ។ សារនេះ មានវត្ថុបំណងក្នុងការរឹតបណ្តឹង និងបង្កើតភាពជាដៃគូល្អរវាងប្រទេស និងប្រទេសក្នុងតំបន់ លើកស្ទួយដំណើរការអភិវឌ្ឍលើវិស័យធុរកិច្ច ឌីជីថល និង បន្តកិច្ចការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។ អ្វីដែលកាន់តែពិសេស ឆ្នាំនេះ កម្មវិធីក៏មានការរួមបញ្ចូលសកម្មភាពក្នុងការផ្ទេរតំណែងជាប្រធាននៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន ដែលដឹកនាំដោយកម្ពុជា ទៅប្រទេសឡាវផងដែរ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អមួយនៃភាពជាអ្នកដឹកនាំរបស់សហគ្រិនស្ត្រីក្នុងតំបន់។

នៅក្នុងកិច្ចថ្លែងសុន្ទរកថាបើកកម្មវិធី លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា បានមានប្រសាសន៍ថា៖ សុភាសិតមួយដែលខ្ញុំពេញចិត្តបំផុតគឺ «មនុស្សមួយចំនួនអាចប្រឈមជាមួយនឹងឧបសគ្គបាន តែប្រសិនបើយើងចង់ដឹងច្បាស់ថាគេជាមនុស្សបែបណា មានបុគ្គលិកលក្ខណៈបែបណា ចូរផ្តល់អំណាចទៅឲ្យអ្នកនោះចុះ!» “Many people can stand adversities. But if you want to test a person’s true character, give them power.”

ក្នុងនោះ លោក ជិន ថូមីត នាយកប្រតិបត្តិក្រុមហ៊ុន iDEN នឹងជា អ្នកដឹកនាំកម្មវិធី ក៏បានថ្លែងថា៖ អ្វីៗដែលអស្ចារ្យ ដែលបានកើតឡើងក្នុងលោកយើងនេះ គឺកើតឡើងដោយសារក្តីស្រម៉ៃ និងមានមនុស្សមួយក្រុមតូចដែលមិនបោះបង់ ហើយបន្តក្រាញននាល រហូតសម្រេចនូវក្តីស្រម៉ៃទាំងអស់នោះបាន ទោះបីជាមានការចំអក និងមានការរារាំងពីមជ្ឈដ្ឋានខាងក្រៅយ៉ាងក៏ដោយ។

យ៉ាងណាមិញ ភាពជោគជ័យនៃការប្រារព្ធនូវ វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម តាំងពីឆ្នាំមុន មកដល់ឆ្នាំ ២០២៥ នេះ បានបន្តទៅមុខដោយមានការចូលរួមពីដៃគូសហការ និងអ្នកឧបត្ថម្ភដល់កម្មវិធីជាច្រើន ដែលមាននូវចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់សហគ្រិនស្ត្រីក្នុងតំបន់អាស៊ាន។ ម្យ៉ាងវិញទៀត បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) គឺជាសម្ព័ន្ធមួយដែលមានការចូលរួមពីសមាជិកសមាគមទាំង៦ ដែលមានដូចជា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហគមទេសចរណ៍កម្ពុជា (CATA) សមាគមអ្នកផលិតសំបុកត្រចៀកកាំ (CSMEA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) American Chamber of Commerce និង CEO Master Club។ ហើយកម្មវិធីក៏បានទទួលនូវការចូលរួមឧបត្ថម្ភជាបណ្តើរៗហើយដែលរួមមាន ក្រុមហ៊ុន Mekong Net និង Kong Khun Group ជា Platinum Sponsor ក្រុមហ៊ុន Master Care Dental Clinic និង ហាងនំបុ័ង បាយ័ន ជា Diamond Sponsor និង ភោជនីយដ្ឋាន សាមតូ Flowery Florist និង Beauty World ជា Silver Sponsor ដែលក្រុមហ៊ុនទាំងនេះ ចូលរួមចំនែកយ៉ាងសំខាន់ក្នុងកម្មវិធី។ ហើយកម្មវិធីនេះក៏នៅតែបន្តទទួលយកនូវដៃគូសហការឧបត្ថម្ភថ្មីៗបន្តទៀតផងដែរ។

ជាចុងក្រោយ យើងគប្បីកត់សំគាល់ថា វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម នឹងឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់ អាស៊ាន និងកម្ពុជា ក្នុងកិច្ចការបន្តការអភិវឌ្ឍរួមគ្នាក្នុងភាពជាសហគ្រិន។

សម្រាប់ព័ត៌មានបន្ថែមអំពីការឧបត្ថម្ភ និងភាពជាដៃគូនៃកម្មវិធី សូមទាក់ទង៖
លោក ជិន ថូមីត +855 87 575 655 | Email: thomithchin@iden.media
កញ្ញា ពល សូនីតា +855 61 912 346 | Email: sonyta.pul@iden.media , pulsonyta@gmail.com

×