ភ្នំពេញ៖នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី០២ កក្កដានេះ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច បាននិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានវត្តមានឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញទៅទទួលខណៈដែលព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច បានសំរេចព្រះទ័យមកពីបរទេសចូលមកកម្ពុជា ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត។
នៅវេលាម៉ោង១១ថ្ងៃដដែលឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្តនិងជូនដំណើរព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វត្តនាគវន្តក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាពហើយ។ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំព្រះរាជាណាចក្រថៃ ។
ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច នាពេលនេះគឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ជាងនេះទៅទៀត ខណៈព្រះអង្គនិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០២ កក្កដានេះ
គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្តនិងអញ្ជើញមកទទួលស្វាគមន៌ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច ផងដែរ។
ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច ជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ននិងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកឳមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថៃខ្លាចការពិត ខ្លាចសច្ចធម៍ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ។
ព្រះអង្គមានព្រះទ័យ សប្បាយរីករាយណាស់ ដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជាដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ចំពោះផែនការមកកម្ពុជាថាតើ នឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថាមិនទាន់មានគម្រោងទៅណានូវឡើយទេ។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា៖ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ ព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះព្រះតេជគុណលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ។
ទាក់ទងនឹងការទទួលស្វាគមន៍ព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳស៊ុច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា វាមិនមែនជារឿងថ្មីនោះឡើយព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕រក្សាសិទ្ធដោយ : សុទ្ធលី















