ខេត្តកំពង់ចាម: សកម្មភាពគ្រឿងចក្រកំពុងតែកាប់គាស់ផ្លូវថ្នល់ក្នុងក្រុងកំពង់ចាម ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់តាមលំនៅដ្ឋាននានារាប់ពាន់ខ្នងផ្ទះ ដើម្បីបូមទម្លាក់ចូលទៅអាងប្រតិកម្មចម្រោះទឹកកខ្វក់ ដែលមានទីតាំងស្ថិតនៅភូមិបឹងស្នាយ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ជាមួយនោះការរៀបចំដាក់ប្រព័ន្ធលូនេះ ត្រូវបានគេមើលឃើញហាក់បីដូចជាមានភាពយឺតយ៉ាវបន្តិច មិនតែប៉ុណ្ណោះការជីកដាក់តាមមុខផ្ទះធ្វើឲ្យប្រជាជនមានការរអ៊ូរទាំរឿងហុយដីហ្នឹងជីកដីលុបវិញមិនសូវមានគុណភាពមាំទាំប៉ុន្មាននោះទេ។
លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី២កក្កដាឆ្នាំ២០២៥ថា: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្ត ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះបានរៀបចំប្រព័ន្ធលូទឹករំដោះទឹកកខ្វក់ ចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងបួនមាន: បឹងកុក កំពង់ចាម វាលវង់និងសំបួរមាស ។ មកដល់ពេលនេះក្រុមហ៊ុនស្ថាបនាកំពុងតែបន្តការងាររបស់ខ្លួនពីកន្លែងមួយទៅកន្លែងមួយ ដូចជាការចាក់ដីលុបកន្លែងជីកមិនសូវមានគុណភាពធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួបការលំបាក។
លោកអភិបាលក្រុងកំពង់ចាមបន្តឲ្យដឹងទៀតថា តាមរយៈការប្រជុំដោយធ្វើឡើងនៅសាលាខេត្តកន្លងទៅ ក្រោយពីទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។ដោយឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យក្រុមហ៊ុនស្ថាបនាដាក់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាមត្រូវតែបង្កើនការងារយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យបាននិងប្រកបដោយគុណភាពដូចជាចាក់ដីកន្លែងជីកដាក់ទុយោ ឱ្យមានគុណភាពជៀសវាងកុំឲ្យជាប់ផុង។ចំណែកផ្លូវជាតិលេខ៧ ដែលត្រូវពង្រីកជាបួនគន្លងនៅក្នុងក្រុងកំពង់ចាម តភ្ជាប់មកដល់ចំណុចក្បាលស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម នៅមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់បានចាក់ដីលុបឱ្យបានដូចសភាពដើម។ដូច្នេះក្រុមហ៊ុនត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាបង្កើនការស្ថាបនាឬបន្ថែមកម្លាំង ដើម្បីឱ្យផ្លូវដែលត្រូវជួសជុលបានឆាប់រួចរាល់ គឺនៅដំណាច់ឆ្នាំ២០២៥នេះទាំងប្រព័ន្ធលូរំដោះទឹកកខ្វក់និងការពង្រីកផ្លូវជាតិលេខ៧ គឺធ្វើយ៉ាងណាឲ្យបានរួចរាល់ជាស្ថាពរ១០០%។
សូមបញ្ជាក់ថាតាមរយៈស្ថាប័នជំនាញមន្ទីរសាធារណការក៏ដូចជាក្រសួងសាធារណការបានលើកឡើងថាការស្ថាបនាផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់មកដល់ក្បាលស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម រហូតមកដល់ពេលនេះសម្រេចបានប្រមាណក្បែរ៦០% ។រក្សាសិទ្ធដោយ :ភ្នំប្រុសភ្នំស្រី





