Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា។ សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជំនះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងអំណរគុណសម្តេចបវរធិបតី យ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កេីតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំង អំពីភាពជាដៃគូយូរអង្វែង និងរឹងមាំ រវាងប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្ន និង តទៅអនាគត។

ថ្នាក់ដឹកទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និង សិង្ហបុរី ព្រមទាំងសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០នៃការបង្កេីតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់កម្រិត និងគ្រប់វិស័យ, ព្រមទាំងប្ដេជ្ញាបន្តជំរុញពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។ ក្នុងក្របខ័ណ្ឌពហុភាគី, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕រក្សាសិទ្ធដោយ : សុទ្ធលី

×