Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ

កែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត និងខេត្តកែប, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារសម្តេចមហាបវរធិបតី បានអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

ជាកិច្ចចាប់ផ្តើមសម្រាប់បេសកកម្មនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅកាន់ទីតាំងដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីជានិមិត្តរូប សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកជីក និងសន្ទះទ្វារទឹក (Ship Locks) ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោង មានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបានប្រមាណ ១១៤ គម លើ ១៧៤,៥ គម ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ទិសដៅការងារបន្ទាប់គឺខេត្តកែប ជាភូមិសាស្ត្រដែលត្រូវចុះអនុវត្តចុងក្រោយគេ។ យោងតាមរបាយការណ៍បឋម បង្គោលព្រំដីដែលបានបោះរួចសរុបមានចំនួន ១០៧៩បង្គោល ក្នុងនោះរួមមាន៖ ខេត្តកណ្តាល ៣៨៧បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ ៥៥០បង្គោល (បញ្ចប់ទាំងស្រុង) និង ខេត្តកំពត ១៤២ បង្គោល។ បច្ចុប្បន្នក្រុមការងារបាននិងកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ពោលគឺមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ស្របទៅតាមផែនការដែលបានគ្រោងទុក។ ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាក់ស្តែង៕ រក្សាសិទ្ធដោយ : សុទ្ធលី

×