Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ

ភ្នំពេញ : នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។

លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។
ដោយឡែកចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី សុីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូចឪពុកនិងកូន។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការពីលក្ខខណ្ឌការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាថានឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់ អង្គការ មិនមែនរដ្ឋនោះទេ តែរដ្ឋក៏មិនបានឱបដៃមើលនោះដែរ ទើបលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាស សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា រឿងដំរីនេះ មិនមែនជារឿងរបស់រដ្ឋនោះទេ ជារឿងឯករាជ្យរបស់អង្គការ ផ្ទៃក្នុងរបស់អង្គការ ដូច្នេះរដ្ឋគឺមិនជ្រៀតជ្រែកនោះទេ។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍បន្តថា ដោយសារបញ្ហានេះប៉ះពាល់ដល់មនោសញ្ចេតនាបងប្អូនប្រជាពលរដ្ឋមួយចំនួន ទើបរដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបជាមួយលោក ទ្រី ស៊ីថេង ដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ រឿងនេះជាផ្ទៃក្នុងរវាងបុគ្គលិក និងអង្គការ រដ្ឋមិនអាចទៅលូកដៃច្រើននោះទេ។

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាបើរឿងនេះមិនពាក់ព័ន្ធនឹងកង្វក់របស់បងប្អូនប្រជាពលរដ្ឋ តែជារឿងបុគ្គលនិងបុគ្គលវិញក៏យើងមិនលូកដៃនោះដែរ។ ក៏ប៉ុន្តែរឿងនេះជាការកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋចូលខ្លួនសម្របសម្រួលតាមលទ្ធភាពដែលអាចធ្វើបាន៕ រក្សាសិទ្ធដោយ : សុទ្ធលី

×