លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ។
ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចូលរួមអបអរសារទរដល់អ្នកមានសំណាងទាំង ២ ៥០០គ្រួសារ ក្នុងនោះ ៥០០គ្រួសារដំបូង ដែលមានលំដាប់លេខរៀងដំបូងគេ មានសំណាងដើម្បីក្រុមការងារលេខាធិការដ្ឋាន តំណាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះត្រួតពិនិត្យលក្ខណៈសម្បត្តិទាំង៤ រួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី ដើម្បីមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពបានបញ្ជាក់ថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះនឹងចុះសម្ភាសន៍បុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីមុនគេ។ ក្រុមការងារលេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្របរបស់គ្រួសារទាំង ៥០០គ្រួសារ ដែលបានជ្រើសរើស។
ចំពោះករណីពេលចុះពិនិត្យឃើញថា មានអ្នកដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងមិនជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសអ្នកជំនួសចេញពីគ្រួសារចំនួន ២០០០ ដែលបានពីការចាប់ឆ្នោតនៅជុំទី១នេះ ដើម្បីបំពេញចំនួនកំណត់ឲ្យគ្រប់ចំនួន៥០០គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី។
ឯកឧត្តម សរ សុវណ្ណ បានបន្ថែមថា សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាងជាប់ឈ្មោះ ក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។
សូមជម្រាបថា គិតមកដល់ពេលនេះតំបន់ដែលស្ថិតក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពក្នុងខេត្តស្ទឹងត្រែង ត្រូវបានរៀបចំឈួសឆាយផ្លូវមេ ផ្លូវរង ប្រវែងសរុបចំនួន ៧២,៥៥គីឡូម៉ែត្រ និងបានលើកតួផ្លូវ ផ្លូវមេ និងផ្លូវរង ប្រវែងសរុបចំនួន ៦០,៥២គីឡូម៉ែត្រ និងបានកសាងផ្លូវសម្រេចជាស្ថាពរចំនួន ២៩,២៥គីឡូម៉ែត្រផងដែរ៕រក្សាសិទ្ធដោយ : សុទ្ធលី






