បន្ទាយមានជ័យ: នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប្រជាការពារ ក៏បានប្រទះឃើញជនជាតិថៃ ចំនួន០២នាក់ លួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា នៅចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួនដើម្បីសួរនាំ ស្រាប់តែជនជាតិថៃ០១នាក់ រត់គេចខ្លួនរួច ហើយប្រជាការបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនជាតិថៃចំនួន០១នាក់ ឈ្មោះ វិម៉ា វីងសាន់ធៀ ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង, អត្ដសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១,សៀវភៅ កុងធនាគាថៃចំនួន២សន្លឹក ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ពិតប្រាកដមែន ដេីម្បីរកការងារធ្វេី។ ហេីយខ្លួនក៏ក៏បានប្រេីប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕រក្សាសិទ្ធដោយ : សុទ្ធលី
