ភ្នំពេញ ៖ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចស្វែងយល់ និងពង្រឹងពង្រីកលើការងារសន្តិសុខជាតិ និងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងតំបន់ និងលើពិភពលោក នៅសាធារណរដ្ឋសិង្ហបុរី ដែលបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ កំពុងវិវឌ្ឍលឿនរាលនៅទូទាំងពិភពលោក គួរឱ្យព្រួយបារម្ភ, ស្របពេលដែលការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ជាភាសាអង់គ្លេសថា UNODC កំពុងតែព្រួយបារម្ភ និងកត់សម្គាល់ឃើញ មានការរីកសាយភាយនៃមជ្ឍមណ្ឌលបោកប្រាស់តាមអ៊ីនធើណេត ក្នុងសម័យទំនើបនេះ។
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមការអញ្ជើញរបស់ ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី និងជាក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។
ក្នុងដំណើរទស្សនកិច្ចការងារនេះដែរ គណៈប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕ រក្សាសិទ្ធដោយ : ពិសិដ្ឋ CEN


















