រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យលោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក (World Bank’s Regional Vice President for East Asia and Pacific) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រីបំពេញទស្សនកិច្ចនៅកម្ពុជា ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងបានគូសរំលេចពីកិច្ចសហប្រតិបត្តិការនិងសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកសម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងការរៀបចំក្របខ័ណ្ឌភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា (Country Partnership Framework) និងជាពិសេសឯកសារ «របាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលនឹងប្រមូលផ្តុំនូវធាតុចូលសំខាន់សម្រាប់រៀបចំឯកសារចក្ខុវិស័យ ២០៥០ របស់កម្ពុជាខ្លួនឯង ដែលជាការកសាងជាតិ (Nation building) និងការកសាងរដ្ឋ (State building) របស់កម្ពុជាសម្រាប់រយៈពេលវែង។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ Manuela V. Ferro បានពិភាក្សានិងផ្លាស់ប្តូរមតិលើប្រធានបទសំខាន់ៗមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកទៅថ្ងៃមុខ, ការកែទម្រង់រចនាសម្ព័ន្ធ, ការកែលម្អបរិយាកាសធុរកិច្ច, ការកសាងមូលធនមនុស្ស, ការពង្រឹងអភិបាលកិច្ច, ការបង្កើនផលិតភាព, និងការជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងការធ្វើសមាហរណកម្មជាដើម។
ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីភាពចាំបាច់នៃការអភិវឌ្ឍមូលធនមនុស្ស និងការកែលម្អអភិបាលកិច្ចដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទោះបីនៅក្នុងបរិការណ៍លំបាកនិងស្មុគស្មាញយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីឆន្ទៈដ៏ម៉ឺងម៉ាត់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការលើកកម្ពស់គុណភាពអប់រំ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង ប្រកបដោយភាពប្រកួតប្រជែង និងភាពធន់។
មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមជាមួយស្មារតីបុរេសកម្មរបស់លោកជំទាវ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរលោកជំទាវជោគជ័យក្នុងបេសកកម្មថ្មីបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី










