ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Minnie Chey នាយិកាប្រតិបត្តិធនាគារនីហរ័ណ អាហរ័ណកូរ៉េប្រចាំកម្ពុជា(K-EXIMBANK) និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារនីហរ័ណ អាហរ័ណកូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារនីហរ័ណ អាហរ័ណកូរ៉េ (K-EXIMBANK) ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេសការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យវិស័យអាទិភាពមួយនេះកាន់តែមានការរីកចម្រើន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ រដ្ឋាភិបាលកូរ៉េ តាមរយៈធនាគារនីហរ័ណ អាហរ័ណកូរ៉េ បានផ្តល់កម្ចីសម្បទាន និងជំនួយឥតសំណងមករាជរដ្ឋាភិបាលកម្ពុជា ក្នុងរង្វង់ថវិកាប្រមាណ ៤៥០លានដុល្លារអាម៉េរិក សម្រាប់ក្រសួងធនធានទឹក និងឧតុនិយមអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធការងារទឹកជាច្រើន ដើម្បីធានាសន្តិសុខទឹកក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ ចំនួន ៧គម្រោង និងបានស្នើសុំគម្រោងថ្មីចំនួន ៨ ផងដែរ ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក ក្នុងខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ និងគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអង្កេតជលសាស្ត្រនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







