ខេត្តកំពង់ចាម: បុណ្យរុក្ខទិវាបានប្រារព្ធឡើងនៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរស្រុកចំការលើ ដោយធ្វើឡើងអ្នកព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជអធិបតីសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនោះមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធច្រើនរយនាក់ទៀតផង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:គណៈអភិបាលខេត្តព្រះសង្ឃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមនិងក្នុងនាមរូបលោកផ្ទាល់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូច ប្រាសាទតាក្របីនិងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំ ខាងនយោបាយក្នុងកិច្ចការពារឯករាជ្យអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានរំលឹកថា នាពេលកន្លងទៅក្នុងព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០០០ នៅរមណីយដ្ឋានទឹកឆា ឃុំបឹងណាយ ស្រុកព្រៃឈរក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ។រហូតមកដល់សព្វថ្ងៃដើមឈើទាំងនោះបានរីកធំធាត់ចោលម្លប់ត្រឈឹងត្រឈៃ។ស្ថិតក្នុងឱកាសដ៏ពិសេសវិសាលនាពេលនេះគឺលើកទី៩ នៃព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពស់បំផុតសម្ដេចយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធព្រះរាជពិធីរុក្ខិវា ៩កក្កដា ឆ្នាំ២០២៥ គឺជាព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ដែលទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាពិតជាចងចាំមិនភ្លេចនិងប្ដេជ្ញាបន្តរួមគ្នាស្ដារអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះ ឲ្យបានគង់វង្សតាមរយៈការជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតែមូលដ្ឋានស្ថាប័នរដ្ឋវិស័យឯកជនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីចូលរួមសកម្មភាពដាំដើមឈើឲ្យបានច្រើន។សម្រាប់ឧត្តមប្រយោជន៍ជាតិនិងចូលរួមការពារបរិស្ថានធនធានធម្មជាតិពិសេសការបង្កើតគម្របបៃតង។
សម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះបន្ទូលដោយលើកឡើងថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះមហាវីរៈក្សត្រព្រះវររាជមាតាជាតិខ្មែរព្រះបរមរតនកោដ្ឋ បានផ្ដួចផ្ដើមរៀបចំពិធីរុក្ខទិវាជាចលនាជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីបំផុសនិងលើកទឹកចិត្តឲ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ឲ្យចូលរួមថែរក្សាការពារព្រៃឈើនិងដាំដើមឈើនៅទូទាំងប្រទេស។ វិធីរុក្ខទិវាជាវប្បធម៌ដ៏ប្រសើរនិងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្ដារនិងអភិរក្សធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្សនិងលើកស្ទួយនៅសម្បត្តិធម្មជាតិ ប្រកបដោយចីរភាពជាពិសេសរក្សាការពារព្រៃឈើ ដែលជាជម្រកដល់សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទរក្សាទឹកនិងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















