Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម K. Shanmugam វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃទាំងពីរ ក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។

តបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលដូចតទៅ៖

១. កិច្ចប្រជុំទ្វេភាគីរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម K. Shanmugam បានសម្តែងការអបអរសាទរ ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងសិង្ហបុរី ជាពិសេសការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីអបអរខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរបានគាំទ្រយ៉ាងក្លៀវក្លាចំពោះលទ្ធផលផ្លែផ្កានៃការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ដែលតាមរយៈទស្សនកិច្ចទាំងនេះបាន ពង្រឹងបន្ថែមនូវមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ ចម្បងៗ រួមទាំងវិស័យសន្តិសុខ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម K. Shanmugam ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃទាំងពីរ ក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែន រួមមាន បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងចែករំលែកសភាពការណ៍សន្តិសុខទូទៅ ដែលជះឥទ្ធិពលដល់សន្តិសុខផ្ទៃក្នុងប្រទេស និងតំបន់ ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នា ទៅវិញទៅមកលើការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពធនធានមនុស្ស ព្រមទាំងបន្តពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ជាពិសេសក្រោមយន្តការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន ។

ក្រៅពីការផ្លាស់ប្ដូរយោបល់លើបញ្ហាសន្តិសុខ និងទំនាក់ទំនងទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម K. Shanmugam ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងស៊ីជម្រៅថែមទៀតរវាងក្រសួងទាំងពីរ ស្របតាមតថភាព ជាក់ស្តែងនៃបរិបទសកល ដែលបន្តវិវត្តប្រកបដោយភាពមិនប្រាកដប្រជា និងស្មុគស្មាញ ។ ផ្អែកលើ ស្មារតីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់រវាងក្រសួងមហាផ្ទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន» ដោយក្នុងនោះបានបន្តផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងអំពើ ភេរវកម្ម, បទល្មើសបច្ចេកវិទ្យា និងអំពើឆបោក, បទល្មើសគ្រឿងញៀន, ការសម្អាតប្រាក់, អំពើជួញដូរ និងរត់ពន្ធមនុស្ស ។

២. ជំនួបសម្តែងការគួរសម ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរថ្លសិង្ហបុរី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lawrence Wong មកកាន់ព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលវត្តមានរបស់ឯកឧត្តមបានពង្រឹង កាន់តែខ្លាំងក្លាថែមទៀតនូវចំណងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យបមើ ដល់ឧត្តមប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។ ឯកឧត្ដម Lawrence Wong បានសម្តែងការគាំទ្រចំពោះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី ដែលសម្រេចបាន សមិទ្ធផលប្រកបដោយផ្លែផ្កា ជាពិសេសតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនាពេលនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ហើយឯកឧត្តមបានគាំទ្រចំពោះការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងជួរ កងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃកម្ពុជា ។

ក្នុងក្របខណ្ឌតំបន់ ឯកឧត្តម Lawrence Wong និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាន គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងមជ្ឈភាពអាស៊ាន ហើយក្នុងន័យនេះកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ក៏នឹងរួមចំណែកធានាបានសន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អំពើជួញដូរ មនុស្ស ជាដើម ។

៣. ទស្សនកិច្ចនៅអង្គភាពផ្តល់សេវាសាធារណៈ និងអង្គភាពអនុវត្តច្បាប់

ក្នុងឱកាសបំពេញបេសកកម្មនៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើទស្សនកិច្ចដើម្បីដកស្រង់ពិសោធ, ការអនុវត្តល្អៗ, អភិក្រម, គំនិតផ្ដួចផ្ដើម និងនវានុវត្តន៍ថ្មីៗ នៅទីតាំងសំខាន់ៗមួយចំនួន រួមមាន៖

មជ្ឈមណ្ឌល Service SG ដែលជាអង្គភាពសម្របសម្រួលអន្តរទីភ្នាក់ងាររបស់រដ្ឋាភិបាល ដើរតួនាទីជាច្រកចេញចូលតែមួយ ដោយផ្តល់នូវភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការ ទទួលបានសេវាសាធារណៈចាំបាច់នានា ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ។

ទីបញ្ហាការប្រឆាំងអំពើឆបោក ដែលជាអង្គភាពទទួលបន្ទុកបង្ការ ទប់ស្កាត់ និងឆ្លើយតប បន្ទាន់ចំពោះសកម្មភាពឆបោកគ្រប់ប្រភេទ ជាពិសេសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីចាត់វិធានការទាន់ពេល វេលាក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋសិង្ហបុរីពីអំពើឆបោក ។

ការិយាល័យកណ្ដាលជាតិប្រឆាំងគ្រឿងញៀន ដែលអង្គភាពដើរតួនាទីស្នូលក្នុងការបង្ករ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ ព្រមទាំងបង្កើតនូវគំនិតផ្តួចផ្តើម និងនវានុវត្តន៍ ក្នុងវិធានការអប់រំ សំដៅបង្កើនការយល់ដឹង និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងគោលដៅ ប្រែក្លាយប្រទេសសិង្ហបុរី ជាសហគមន៍គ្មានគ្រឿងញៀន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×