Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុក ប្រជា ៖ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំពិភពលោកនេះ បានបង្ហាញពីតួនាទីសកម្ម និងការរួមចំណែកក្នុងការជំរុញវិស័យកម្មសិទ្ធិបញ្ញាលេីឆាកអន្តរជាតិ

(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ នៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (The 66th General Assemblies of WIPO) ដែលប្រព្រឹត្តទៅពីថ្ងៃទី០៨-១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលមានអ្នកចូលរួមជាង ១៦០០នាក់ មកពី ១៩៤ប្រទេស ទាំងផ្ទាល់និងតាមប្រព័ន្ធអនឡាញ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូបានថ្លែងសុន្ទរកថា ដោយលើកបង្ហាញពីវឌ្ឍនភាពការងារដែលសម្រេចបាន និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងវិស័យកម្មសិទ្ធិបញ្ញាកន្លងមក ជាពិសេសវឌ្ឍនភាពស្របតាមគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំពិភពលោកនេះ បានបង្ហាញពីតួនាទីសកម្ម និងការរួមចំណែកក្នុងការជំរុញវិស័យកម្មសិទ្ធិបញ្ញាលេីឆាកអន្តរជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត និងភាពប្រកបដោយចីរភាព និងបរិយាបន្ន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូ បានលើកពីការប្តេជ្ញារបស់កម្ពុជាក្នុងការបន្តចូលរួមជាមួយអាស៊ាន ក្នុងនាមកម្ពុជាជាប្រធានក្រុមការងារអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា (ASEAN Working Group on Intellectual Property Cooperation – AWGIPC) ព្រមជាមួយបណ្តាសមាជិកនានា និងអង្គការWIPO ក៏ដូចជាការសន្យារបស់កម្ពុជាក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×