រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ កក្កដា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាសហអធិបតី ជាមួយឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ដីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ»។
នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលកំពុងប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនេះ គឺជាការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសទី១នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងឱកាសដែលប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេចកាលពីឆ្នាំ២០២៤ កន្លងទៅ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលកម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាគោលការណ៍មនុស្សធម៌ សម្រាប់ស្រ្តីជាជនជាប់ឃុំនិងកូនរបស់គេ។
លោកជំទាវកិត្តិបណ្ឌិតបានលើកឡើងថា ការដាក់ឱ្យដំណើរការកម្មវិធីនេះ បានជះឥទ្ធិពលវិជ្ជមានក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់ស្ត្រីនិងក្មេងស្រីដែលជាជនងាយរងគ្រោះ និងជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ក្នុងការឈានទៅសម្រេចបានកម្មវិធីគ្របដណ្តប់សុខភាពជាសកល និងកិច្ចគាំពារសង្គម ដែលជាគោលដៅមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
បន្ថែមពីនេះទៀត លោកជំទាវបានបញ្ជាក់ថា ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងនាមលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីជាប្រធានប្រតិបត្តិ នឹងចូលរួមសហការអនុវត្តកម្មវិធីខាងលើ ដោយផ្អែកតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលកំណត់ក្នុងអនុក្រឹត្យខាងលើ ឱ្យទទួលបានជោគជ័យនិងប្រសិទ្ធភាពខ្ពស់។ លោកជំទាវកិត្តិបណ្ឌិត ក៏បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នារបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជួយជម្រុញឱ្យការងារនេះទទួលបានជោគជ័យនាថ្ងៃនេះ៕ រក្សាសិទ្ធដោយ : សុទ្ធលី










