Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ ស្ថាប័ន​រដ្ឋនឹងដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយ​ផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅ​​ជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកាន់​តែផ្ដល់អាទិភាពខ្ពស់​ចំពោះ​វិស័យឯកជន ដែល​​ជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជា​កម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួម​​​ដោះស្រាយបញ្ហា​ជារចនា​សម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន។

នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA» ដោយមានការអញ្ជើញចូលរួមពីសំណាក់​​ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA, ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្ដមឯកអគ្គរាជទូត​​ម៉ាឡេស៊ីប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់​បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិ​ការ​​ដ្ឋាន​អាកាសចរស៊ីវិល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច​ប្រកប​ដោយ​សហថាមភាព និង​ការ​ទទួល​ខុសត្រូវខ្ពស់ក្នុងការចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាព និងប្រសិទ្ធភាព នៃការដឹកជញ្ជូនតាម​ផ្លូវអាកាស ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ឱ្យកាន់តែរីកចម្រើនជាលំដាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចបាន ផ្តើមចេញពី​គំនិតផ្តួចផ្តើមប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ចេញនូវគោលនយោបាយ «បើកចំហជើងមេឃ» កាលពីឆ្នាំ១៩៩៩ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» និងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ ដែលបន្តផ្តល់អាទិភាពខ្ពស់លើវិស័យ​អាកាសចរណ៍ស៊ីវិល និង គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងបានបញ្ចប់ការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា» នាពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកាន់​តែផ្ដល់អាទិភាពខ្ពស់​ចំពោះ​វិស័យឯកជន ដែល​​ជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជា​កម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួម​​​ដោះស្រាយបញ្ហា​ជារចនា​សម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ហើយស្ថាប័ន​រដ្ឋនឹងដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយ​ផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅ​​ជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ប្រកប​ដោយ​បរិយាបន្ន និង​ចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព​រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើងនិង​វិនិយោគ​បន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួម​គ្រប់គ្រង និង​ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែល​គ្រោង​នឹង​ដាក់​ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជា Game Changer មួយ​ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលនិង​ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់​កម្ពុជា ដែលនឹង​រួមចំណែកបង្កើនសក្ដានុពលជើងហោះហើរឆ្លងទ្វីបរបស់​កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិ​និ​យោគបរទេសបន្ថែម ប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ​ប្រកាន់​ខ្ជាប់​នូវស្មារតីនៃការពិភាក្សាបើកចំហ និង​ការទទួលខុសត្រូវ ដែលកិច្ច​សហប្រតិបត្តិការនេះបាន​បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុ​ងការ​បង្កើត​សមិទ្ធផលជាច្រើនអនេក និងបន្ត​ទទួល​បានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀត៕ រក្សាសិទ្ធដោយ : សុទ្ធលី

×