ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហ ប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពន សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ, តំណាងរដ្ឋបាលខេត្តជាំងស៊ូ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ, លោកសី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ និងតំណាងធនាគារនីហរ័ណ និងអាហរ័ណចិន (Exim Bank)។
១. កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
គួររំលឹកផងដែរថាកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលត្រូវបានរៀបចំឡើងនាពេលនេះ គឺអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនស្តីពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានចុះហត្ថលេខាកាលពីចុង ឆ្នាំ២០១០ ក្នុងគោលបំណងពង្រឹងមិត្តភាពរវាងរដ្ឋាភិបាលនិងប្រជាជាតិនៃប្រទេសទាំងពីរ និងដើម្បីជំរុញ កិច្ចអភិវឌ្ឍន៍នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រធានបទសំខាន់នៃកិច្ចប្រជុំលើកទី៤នេះ គឺ៖ ទី១-ការបង្កើតគំរូកិច្ចសហប្រតិបត្តិការ “2+2+N” មានន័យថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ + អាជ្ញាធរថ្នាក់ ក្រោមជាតិនៃប្រទេសទាំងពីរ + ភាគីពាក់ព័ន្ធ ដូចជាស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នស្រាវជ្រាវជាដើម និងទី២- គោលនយោបាយគាំទ្របន្ថែមដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
២. កិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន កិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន នេះ ត្រូវ បានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងពាណិជ្ជកម្មចិន ស្តីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២១ ក្នុងគោលបំណងសំខាន់រួមគ្នាលើកកម្ពស់គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក៏ដូចជា រួមគា្នលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងពង្រឹងការវិនិយោគ។
នៅក្នុងឱកាសកិច្ច ប្រជុំលើកទី១នេះ អង្គប្រជុំបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ការពង្រឹងកិច្ចសហ ប្រតិបត្តិការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់, ផលជះនៃការអនុវត្តវិធានការពាក់ព័ន្ធនឹងប្រភពដើមទំនិញ, បញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនចិន, គំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសក្នុងការ កែច្នៃកសិផលរបស់កម្ពុជា, និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងចង្កោមឧស្សាហកម្មដោយផ្ដោតលើ ការលើកកម្ពស់ឧស្សាហកម្មប្រតិគមន៍។
អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសតាមរបៀបវារៈនីមួយៗនៃកិច្ចប្រជុំទាំងពីរ ហើយរាល់កិច្ចការ និងសំណូមពរដែលត្រូវបានលើកឡើង អង្គប្រជុំបានធ្វើការកត់ត្រា និងទទួលយកមកពិនិត្យពិចារណា ប្រកបដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់។ លទ្ធផលនៃកិច្ចប្រជុំទាំងពីរនេះនឹងមានផលជះវិជ្ជមាន លើដំណើរកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល៕រក្សាសិទ្ធដោយ : សុទ្ធលី
















