ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជំនួបរវាងរដ្ឋមន្តី ការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
កិច្ចប្រជុំបានកត់សម្គាល់លើរបាយការណ៍ប្រចាំឆ្នាំ២០២៥ (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ខែមិថុនា ឆ្នាំ២០២៥) របស់ AICHR និងបានឯកភាពលើកម្មវិធី/សកម្មភាពអាទិភាពរបស់ AICHR សម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំទន្ទឹងរង់ចាំការឯកភាពលើផែនការសកម្មភាពរយៈពេល៥ឆ្នាំ របស់ AICHR (២០២៦-២០៣០) នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នាពេលខាងមុខ ក្នុង គោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ានបន្ថែមទៀត … ដើម្បីពង្រឹងការ លើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្សនៅក្នុងតំបន់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះវឌ្ឍនភាពប្រកបដោយស្ថិរភាព និងអត្ថន័យ ដែលសម្រេចបានដោយ AICHR ក្នុងការបញ្ជ្រាបសិទ្ធិមនុស្សនៅក្នុងសសរស្តម្ភសហគមន៍អាស៊ាន ទាំងបី ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអាស៊ានប្រកបដោយបរិយាបន្ន យុត្តិធម៌ និងផ្តោតលើប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត AICHRឲ្យកសាងភាពជាដៃគូបន្ថែមទៀតជាមួយដៃគូសន្ទនាអាស៊ាន ស្ថាប័នតាមវិស័យអាស៊ាន សង្គមស៊ីវិល និងស្ថាប័ន
អន្តរជាតិនានា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត AICHRឱ្យបង្កើនសន្ទុះវិជ្ជមាននិងពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀតតាមរយៈផែនការការងាររយៈពេលប្រាំឆ្នាំ (២០២៦-២០៣០) ដែលផ្តល់ កាលានុវត្តភាពឱ្យ AICHR បូកសរុបសមិទ្ធផលកន្លងមក ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងកំណត់គោលដៅរបស់ខ្លួនឱ្យស្របនឹងអាទិភាពក្នុងតំបន់កាន់តែទូលំទូលាយ ស្របតាម ចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ដើម្បីសម្រេចបាននូវគោលដៅរួម និងពង្រឹងកេរ្តិ៍ឈ្មោះអាស៊ាន ក្នុងនាមជាសហគមន៍ដែលប្ដេជ្ញាការពារសេចក្តីថ្លៃថ្នូរ និងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់អាស៊ាន ក្នុងការរក្សាអាស៊ីអាគ្នេយ៍ជាតំបន់ គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យពូជសាសន៍ផ្សេងទៀត អនុលោមតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ។ នៅក្នុងការខិតខំប្រឹងប្រែងនេះ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តសន្ធិសញ្ញានេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព តាមរយៈផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧។ កិច្ចប្រជុំក៏បានស្វាគមន៍វឌ្ឍនភាពដែលកំពុងបន្តចំពោះសេចក្តីសម្រេចរយៈ ពេលពីរឆ្នាំស្តីពីសន្ធិសញ្ញា SEANWFZ នៅសម័យប្រជុំលើកទី៨០ ស្តីពីមហាសន្និបាតអង្គការសហ ប្រជាជាតិ ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សានូវសន្ទុះជាវិជ្ជមាននេះ ក្នុងការលើកកម្ពស់ សន្ធិសញ្ញាជាអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំង ឡើងនៃសន្ធិសញ្ញា SEANWF ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលនាពេល បច្ចុប្បន្ន និងការកើនឡើងនៃបញ្ហាប្រឈមចំពោះតំបន់មិនរីកសាយអាវុធនុយក្លេអ៊ែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការអំពាវនាវរួមគ្នារបស់អាស៊ានសម្រាប់រដ្ឋអាវុធនុយក្លេអ៊ែរ (NWS) ឱ្យទទួលស្គាល់ជាផ្លូវការនូវសន្ធិសញ្ញា SEANWF ដោយក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការចុះហត្ថលេខាលើពិធីសារ ដោយគ្មាន “ខបម្រុង” និងបានកោតសរសើរចំពោះវឌ្ឍនភាពឆ្ពោះទៅការចូលជាសមាជិកនៃសន្ធិសញ្ញ នេះ របស់ទីម័រឡេស្តេនាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥។
កិច្ចប្រជុំទ្វេភាគី ក្នុងឱកាសកិច្ចប្រជុំខាងលើ៖
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាពេល ខាងមុខ របស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន ដោយបានគូសមកន ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Lazaro បាន
ជជែកគ្នាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលជាផលប្រយោជន៍រួម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនន
កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមានការ វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់។ ភាគីទាំងពីរក៏បានពិភាក្សា ពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាម ដែលនឹង ប្រពឹត្តិទៅនៅក្នុងឆ្នាំនេះ នៅកម្ពុជា៕ រក្សាសិទ្ធដោយ : សុទ្ធលី




















