ភ្នំពេញ ៖ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។ កាលនោះ ច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្របដណ្ដប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្របានលើកតម្កើង ព្រះធម្មសាស្ត្រ ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជាព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនៀមនេះ បានគូសបញ្ជាក់អំពីទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជា មហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដំណើរការទំនើបនីយកម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផលជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងនៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព នៃការអនុវត្តច្បាប់។ ទន្ទឹមនេះ, គណៈកម្មាធិការដឹកនាំការកទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការ គណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាព នៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវចាត់ចែងរៀបចំនិងដាក់ឱ្យអនុវត្តនូវមគ្គទេសក៍នៃ សិល្បសាស្ត្រនីតិកម្ម ឬនីតិនិពន្ធវិទ្យា (Guide de Légistique) និងមគ្គទេសក៍ នៃក្រមូបនីយកម្ម ឬនីតិក្រមវិទ្យា (Guide de Codistique) ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពនៃការពិនិត្យលើការតាក់តែងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំព្រាងដោយក្រសួង ស្ថាប័នជំនាញ និងចងក្រង ជាកម្រងច្បាប់ ឬនីតិក្រម ទៅតាមវិស័យច្បាប់ជំនាញនីមួយៗ ប្រកបដោយតក្កវិជ្ជាគតិយុត្ត និងនវានុវត្តន៍នីតិសាស្ត្រ (Legal innovation)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (ទម្រង់ទន់)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមចំណែកយ៉ាងសកម្ម អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារនិងភារកិច្ចជាធរមាន និងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ជាពិសេសដើម្បីបង្កើនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ, វិនិយោគិន និងវិស័យឯកជន មកលើប្រព័ន្ធច្បាប់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី



































