ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះអាជ្ញាធរាជធានីភ្នំពេញដែលបាន ប្រមូល និងដឹកជញ្ជូនសំរាមបានល្អ ការងារស្តារប្រឡាយ លូ ស្តារព្រែករំដោះទឹកបានលឿនបានកាត់បន្ថយនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street ដែលទទួលបានការគាំទ្រនិងពេញនិយមពីភ្ញៀវជាតិនិងអន្តរជាតិ។
ក្នុងនោះដែរសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យឱ្យបានល្អិតល្អន់ចំពោះដើមឈើគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ ដែលបង្កឡើងដោយការបាក់ រលំដើមឈើទាំងនេះ ជាមួយនិងការស្នើឱ្យមានការសម្រួលនៃការផ្តល់សេវា ប ស សនៅតាមមន្ទីរពេទ្យ ឱ្យបានលឿនដោយសារប្រជាពលរដ្ឋសម្រុកទៅទទួលសាវាច្រើនសន្ធឹកសន្ធាប់។
ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ កក្កដាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការប្រកាសតែងតាំងមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន៤រូបផងដែរ ក្នុងនោះត្រូវបានតែងតាំងលោកសួស ឆមុន្នី ជានាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានី និង មន្ត្រី២រូបទៀត។ ក្នុងនោះមានការតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ការប្រកាសតែងតាំងលោក លន់ សុភាព ជាប្រធានការិយាល័យប្រជាពលរដ្ឋ កើតចេញពីការបោះឆ្នោតក្នុងក្រុមប្រឹក្សាកន្លងមក ហើយត្រូវបានប្រកាសនៅពេលនេះ។ ការងារនៅការិយាល័យប្រជាពលរដ្ឋ លោក លន់ សុភាព មិនប្រាកដថា ចេះការងារទាំងអស់នោះទេ ដែលទៀមទាឱ្យមានការណែនាំពីរបៀបរបបធ្វើការងារជូនគាត់ផង។
ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍លើកឡើងផងដែរថា៖ ការប្រើប័ណ្ណ ប ស ស រដ្ឋាភិបាលបានសម្រួលរហូត មានសេវានេះនៅតាមមន្ទីរពេទ្យឯកជនថែមទៀត។ ការសម្រុកទៅពិនិត្យ ព្យាបាលជម្ងឺពីការប្រើប័ណ្ណ ប ស ស នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួនមានចំនួនច្រើនលើសលប់នោះ គឺដោយសារប្រជាពលរដ្ឋមានជំនឿលើមន្ទីរពេទ្យនោះ។
ឯកឧត្ដម កើត ឆែ បានបន្តទៀតថា៖ ដើមឈើគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ តែងតែបាក់រលំទៅតាមធម្មជាតិរបស់វា ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ចំពោះការងារនេះ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្ដមបានណែនាំឱ្យមន្ទីរសាធារការនិងដឹកជញ្ជូនរដ្ឋបាលរាជធានីភ្នំពេញ កាត់ លះមែកឈើ និងពិនិត្យមើលដើមឈើជាប្រចាំផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការគ្រោះថ្នាក់ដែលផ្តើមចេញពីបាក់រលំដើមឈើនេះ តែងតែកើតមាន ដែលទៀមទាឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នា នៅពេលធ្វើដំណើរតាមដងផ្លូវ ពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕រក្សាសិទ្ធដោយ៖សុទ្ធលី




















