Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យប្រទេសកម្ពុជានិងបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដែលជាសក្តានុពល រួមមានវិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស​ភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ដែលឯកឧត្តម បានជួយសម្រួបសម្រួលរៀបចំ​ ដូចជា ព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួមកិច្ចប្រជុំកំពូលនានានៅបារាំងរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី។ សកម្មភាពទាំងនេះ គឺជាកិច្ចឆ្លើយតបដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។

ជាមួយគ្នានេះ សម្តេច បានចូលរួមអបអរសាទរចំពោះការបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជាការឆ្លុះបញ្ចាំងនូវការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម នាពេលកន្លងនេះ ក្នុងការលើកកម្ពស់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។

នាឱកាសជំនួបនេះ ឯកឧត្តម Jacques PELLET បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកអំពីប្រវត្តិការងារជាអ្នកការទូតរបស់ឯកឧត្តម ដែលបានចាប់ផ្តើមជាមួយកម្ពុជា កាលពី៣០ឆ្នាំមុន និង បញ្ចប់ជាមួយកម្ពុជា បន្ទាប់ពីបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជា មុនចូលនិវត្តន៍។ រយៈពេល៣០ឆ្នាំនេះ ​បានធ្វើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត សង្កេតឃើញអំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា។ នៅក្នុងបរិបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ យោធា ទឹកស្អាត បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីក្តីសង្ឃឹមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ ដោយឯកឧត្តមបានសង្កេតឃើញអំពីសក្តានុពលដែលភាគីកម្ពុជា-បារាំង អាចធ្វើការរួមគ្នាក្នុងការលើកកម្ពស់បន្ថែម។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។

បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ជាថ្មីម្តងទៀត ចំពោះកិច្ចការ និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ រួមទាំងទស្សនកិច្ច និងទស្សនកិច្ចការងារ និង ការចូលរួមសន្និសីទស្តីពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ុយក្រែន របស់សម្តេចនៅបារាំង នៅចុងឆ្នាំ​២០២២។ សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្តេចនៅទីក្រុងប៉ារីស មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាបំណងប្រាថ្នារបស់សម្តេច ហើយជាភាពជិតស្និទ្ធក៏កម្រមួយដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង ផ្តល់ជូនសម្តេច។ ចាប់តាំពីពេលនោះ សម្តេចបានបន្តលើកឡើងថា សម្តេច និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បាន ធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាជាបន្តបន្ទាប់មក ហើយឯកឧត្តមប្រធានាធិបតីម៉ាក្រុង ក៏បានជម្រាបថា លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅឆ្នាំ២០២៦។ ស្របគ្នានេះ សម្តេចបានបន្តលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងត្រូវរៀបចំឡើងសាជាថ្មី នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ​២៩ឆ្នាំ ក្រោយពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាមនៅឆ្នាំ១៩៩៧ ​ដែលជាការរួមចំណែកលើកកម្ពស់ថែរក្សាមរតកភាសាបារាំង។

នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោបានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដែលជាសក្តានុពលសម្រាប់គាំទ្រភាសាបារាំង ដែលនៅក្នុងនោះរួមមានវិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំងជាដើម។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះកិច្ចប្រហប្រតិប​ត្តិការ និងការជួយគាំទ្រនានាដែលបារាំងបានចូលរួមចំណែកកន្លងមក រួមទាំងការគាំពារបេតិកភណ្ឌ ការជួយបណ្តុះពូជដើមកៅស៊ូ និងវត្តមានរបស់ក្រុមហ៊ុន Vinci នៅកម្ពុជា និងបានស្នើឱ្យបារាំងចូលរួមចំណែកបន្តទៀត។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×