ខេត្តព្រះវិហារ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រធាន គណៈបញ្ជាការឯកភាព សមរភូមិទិសទី១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញវត្ថុរារាំង នៅកងពលធំអន្តរាគមន៍លេខ៣ ។
ដោយមានការយកចិត្តទុកដាក់បង្ហាត់បង្រៀនទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែងលើទី លាន ក្រោមការជួយដឹកនាំ ហ្វឹកហាត់ដោយផ្ទាល់ ពីសំណាក់ក្រុមការងារជំនាញរបស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា(ស៊ីម៉ាក់) ដែលបានដំណើរអស់រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅធ្វើឲ្យនាយនិងពលទាហានដែលជាកម្មសិក្សាការី មានការយល់ដឹង និងចេះប្រើប្រាស់បាន ១០០%។
អញ្ជើញមានប្រសាសន៍នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង យកអស់ពីកំលាំងកាយ ចិត្ត របស់ក្រុមការងារ ជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ព្រមទាំងសិក្ខាម ជំនាញពាន់ព័ន្ធទាំងអស់ ដែលបានចូលរួម បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងយកចិត្តទុក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃបញ្ចប់វគ្គ ដែលធ្វើអោយការងារហ្វឹកហាត់ ទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើ គួរជាទីគាប់ចិត្ត។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលតែងតែ យកចិត្តទុកដាក់ ជួយសម្រួលនិងដោះស្រាយ រាល់តម្រូវការចាំបាច់ផ្សេងៗ របស់ គណៈបញ្ជាការឯកភាពសមរភូមិមុខ ក៏ដូចជា កងពលធំអន្តរាគមន៍លេខ៣ នាពេលកន្លងមក និងពេលនេះ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានផ្តាំផ្ញើរដល់ប្អូនៗជា សិក្ខាកាម ដែលបានបញ្ចប់នាពេលនេះ ពេលវិលត្រឡប់ទៅតាមអង្គភាពខ្លួនវិញ ត្រូវខិតខំប្រឹងប្រែងបំពេញ និងអនុវត្តការងាររបស់ខ្លួន អោយបានល្អប្រសើរ ពិសេស ត្រូវយកចំណេះដឹង និងជំនាញទាំងឡាយ ដែលប្អូនៗបានក្រេបជញ្ជក់នៅក្នុងវគ្គហ្វឹកហ្វឺននេះ ទៅបំរើនិងជួយអង្គភាពរបស់ខ្លួន អោយអស់ពីលទ្ឋភាព ទៅតាម ជំនាញ និងចំណេះដឹង ដែលប្អូនៗ ក្មួយៗមានទៅផ្សព្វផ្សាយបន្តដល់មិត្តរួមអាវុធឲ្យបានយល់ និងចេះដឹង ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ៕រក្សាសិទ្ធដោយ៖សុទ្ធលី







