Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់បងប្អូនជនរួមជាតិរួមគ្នាគោរពរដ្ឋធម្មនុញ្ញ និងការពារឱ្យបានជាដាច់ខាត មិនឱ្យមជ្ឈដ្ឋានអគតិខាងក្រៅមកបំពានគុណតម្លៃ និងគោលការណ៍គ្រឹះ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញបានឡើយ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឡើងដោយតំណាងរាស្រ្តហត្ថលេខី ចំនួន ១២៥ អង្គ/រូប។ ការធ្វើវិសោធនកម្មនាពេលនេះ គឺដើម្បីរក្សាឱ្យបានគុណតម្លៃ និងកិត្តិយសរបស់ប្រទេសជាតិ ដោយច្បាប់នេះនឹងអនុវត្តទៅលើប្រជាពលរដ្ឋខ្មែរណាដែលបានគប់គិតនឹងបរទេស ដើម្បីធ្វើសកម្មភាពណាមួយប៉ះពាល់ធ្ងន់ធ្ងរក្នុងគោលដៅក្បត់ជាតិ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃសុក្រនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងអបអរសាទរចំពោះការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដើម្បីការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងសន្តិភាព ជាពិសេសគឺការថែរក្សាសមិទ្ធផល និងគុណតម្លៃធម្មនុញ្ញ រួមមាន របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្ថិរភាពស្ថាប័នជាតិ ដែលបានចារិកក្នុងច្បាប់កំពូលរបស់ជាតិ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្តប្រកបដោយស្មារតីឯកភាពជាតិខ្ពស់ យ៉ាងម៉ឺងម៉ាត់ មិនមានរារែក ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។ ការធ្វើវិសោធនកម្មមាត្រា៣៣ នេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃការអនុម័តច្បាប់ ដោយមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់គុណប្រយោជន៍ណាមួយរបស់ប្រជាជនខ្មែរនៅក្រៅប្រទេសឡើយ ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងទទួលបានការគាំពារ និងយកចិត្តទុកដាក់រិតតែខ្ពស់ថែមទៀត។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី , “ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់រួមគ្នាគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាត មិនឱ្យមជ្ឈដ្ឋានអគតិខាងក្រៅមកបំពានគុណតម្លៃ និងគោលការណ៍គ្រឹះ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញបានឡើយ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×