Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ភ្នំពេញ ៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ​បានចេញសេចក្តីជូនដំណឹង ស្តីពី
ការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជន និងគ្រប់បណ្ដាញសារព័ត៌មាន មេត្តា ជ្រាបថា នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេចលេខ 47 COM 8B.14 ។

ការទទួលស្គាល់ជាផ្លូវការ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះ រមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” គឺជា ទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកនាយុគសម័យថ្មី។ សមិទ្ធផលទាំងនេះ កើតចេញពីការចូលរួមនៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជន កម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការ ដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែផ្ដល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឱ្យគង់វង្សស្ថិតស្ថេរ។

“បូជនីយដ្ឋានចងចាំនៃកម្ពុជា” រួមមានទីតាំងឧក្រិដ្ឋកម្មចំនួនបី ត្រូវបានចុះបញ្ជី៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
បំណង និងមូលដ្ឋាននៃការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបង្ហាញពិភពលោក អំពីភាពរឹងមាំនិងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃាដ” មកជា “ទឹកដីសន្តិភាព” មានតម្លៃដ៏ ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗរូប ហើយក៏ជាស្មារតីចងចាំដ៏ថ្លៃថ្លាបំផុតរបស់ពិភពលោក មិនចំពោះតែប្រជាជន កម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្ដូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង។ ចាប់ពីពេលនេះតទៅ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់ កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព” ៕រក្សាសិទ្ធដោយ : សុទ្ធលី

×