កោះកុង : ក្នុងចម្ងាយផ្លូវ១៤៨គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុមការងារបានដាក់អំពូលបំភ្លឺ និងលម្អផ្លូវ ជាប្រភេទអំពូលសូឡា នៅចំណុច PK 5+000-8+000, PK 49+000-50+000, PK 85+000,PK 88+000 -90+000, PK 108+000,PK 142+700- 147+900។’
សូមរំលឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។
សូមបងប្អូនប្រជាពលរដ្ឋរីករាយក្នុងការធ្វើដំណើរ និងប្រកបដោយសុខសុវត្ថិភាព ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕ រក្សាសិទ្ធដោយ : សុទ្ធលី













