Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ​ : ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន កិច្ចប្រជុំរដ្ឋមន្ដ្រីការ បរទេសអាស៊ានបូកបី លើកទី២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក ក្នុងឋានៈជាប្រទេសសម្រប សម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានធ្វើ ជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃភាពជាដៃគូអាស៊ាន- សហរដ្ឋអាមេរិក ដែលត្រូវបានកត់សម្គាល់តាមរយៈសមិទ្ធផលសំខាន់ៗនៅគ្រប់សសរស្ដម្ភន សហគមន៍អាស៊ាន ជាពិសេសចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចប្រជុំបានស្វាគមន៍ការអនុវត្តពេញលេញនូវផែនការសកម្មភាពបច្ចុប្បន្ន (២០២១-២០២៥) និងឧបសម្ព័ន្ធ និងទន្ទឹងរង់ចាំផែនការសកម្មភាពថ្មីដែលស្របនឹង ចក្ខុវិស័យ “អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង»។ ក្នុងន័យនេះ កិច្ចប្រជុំបានទន្ទឹងរង់ចាំការ អនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១៣ នៅខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើកិច្ច ព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជាមូលដ្ឋានគ្រឹះជួយដល់សេដ្ឋកិច្ច ឌីជីថលដែលប្រកបដោយភាពធន់ បរិយាប័ន្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតបន្ថែមទៀត
និងបានអំពាវនាវឱ្យមានកិច្ចសហការកាន់តែស៊ីជម្រៅលើបរិវត្តកម្មឌីជីថល នវានុវត្តន៍ ពាណិជ្ជកម្ម អេឡិចត្រូនិក ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។ កិច្ចប្រជុំក៏បានរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតលើភាពជា ដៃគូសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋមេរិក ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយ បញ្ហាប្រឈមតាមរយៈការសន្ទនាប្រកបដោយការស្ថាបនា និងការចូលរួមយ៉ាងសកម្ម។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចិន បានកោតសរសើរចំពោះវឌ្ឍនភាពក្នុង ការអនុវត្តផែនការសកម្មភាព (២០២១-២០២៥) និងឧបសម្ព័ន្ធ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន សម្រាប់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព។ ដោយកត់សម្គាល់ការបញ្ចប់ការចរចាដំឡើងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន- ចិន ៣.០ (ACFTA 3.0) កិច្ចប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនៅឆ្នាំនេះ។
កិច្ចប្រជុំបានកត់សម្គាល់សំណើរបស់ចិនក្នុងការកំណត់ យកឆ្នាំ២០២៦ជាឆ្នាំអាស៊ាន-ចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥ នៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុងន័យនេះ កិច្ចប្រជុំបានទន្ទឹងរង់ចាំការអនុម័តផែនការ សកម្មភាពថ្មី ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន សម្រាប់រយៈពេលប្រាំ ឆ្នាំខាងមុខទៀត។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាភាពជាដៃគូ អាស៊ាន-ចិនបាននិងកំពុងលូតលាស់កាន់តែទូលំទូលាយ និងស៊ីជម្រៅ ដោយនាំមកនូវផល ប្រយោជន៍ពិតប្រាកដដល់ប្រជាជន និងជាប្រភពនៃភាពរឹងមាំក្នុងស្ថានការណ៍ប្រកបដោយ ភាពមិនប្រាកដប្រជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមអំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ រឹងមាំរវាងអាស៊ាន និងចិន ដែលចាត់ទុក ជាគំរូនៃផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហ- ប្រតិបត្តិការឈ្នះ-ឈ្នះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពនាំមុខរបស់ចិន នៅក្នុងវិស័យថាមពលស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកដល់បណ្តាញអគ្គិសនី អាស៊ាន (APG) ក្នុងការពង្រឹងសន្តិសុខថាមពល ពន្លឿនសមាហរណកម្មថាមពលកកើតឡើងវិញ និង ជំរុញបណ្តាញថាមពលក្នុងតំបន់ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក ឯកឧត្តមឧបនាយករដ្ឋមន្តី
បានអំពាវនាវឱ្យភាគីទាំងសងខាងលើកកម្ពស់បន្ថែមទៀតនូវការសំយោគគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងគំនិតផ្តួចផ្តើមពាក់ព័ន្ធផ្សេងទៀត៕ រក្សាសិទ្ធដោយ : សុទ្ធលី

×