ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង បានថ្លែងថា ៖ អស់លោកនៅថ្នាក់មូលដ្ឋានត្រូវ យល់ឲ្យច្បាស់ពីភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្ដមមិនចង់ឭពាក្យថា អត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះខុសនោះធ្វើមិនចេះត្រូវ។ ឯកឧត្តម បន្តថា៖ ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀត ទៅកុំឲ្យប្រជាពលរដ្ឋវាយតម្លៃថាអាជ្ញាធរទាល់តែឲ្យលុយ ទើបមិនខុស។ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្តិ៍ ត្រូវប្រែក្លាយសកម្មភាពរបស់អស់លោក លោកស្រីឲ្យទៅជាឧត្តមភាពការងារក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងឪកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនាព្រឹកថ្ងៃសៅរ៌ទី ១២កក្កដា ឆ្នាំ២០២៥នេះ ។
ឯកឧត្តមឃួង ស្រេង លើកឡើងថា៖ ការអភិវឌ្ឍន៍ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រ គឺត្រូវសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រករបចិញ្ចឹមជីវិត។ ឯកឧត្ដមបញ្ជាក់ទៀតថា៖ សព្វថ្ងៃតើយើងគ្មានទៅរំពឹងអ្នកណាក្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែត ដែលកំពុងដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិនិង ការពារទឹកដីពីពួកឈ្លានពានប្រកបដោយថាមពល និងឈ្លៀសវៃ។ តាមរយះការ ដឹកនាំដ៏មានឧត្តមភាពនេះ ហើយទើបធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹង ក្លាយជាកំលាំងសាមគ្គីជាតិជាធ្លុងមួយ ជុំវិញរាជរដ្ឋភិបាលក្នុងការ ធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។
ឯកឧត្តមឃួង ស្រេង បញ្ជាក់ទៀតថា៖ ជុំវិញអរីភាពនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសជិតខាង គឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធាដើម្បីការពារបូរណៈភាពទឹកដី។ នេះហើយជាមេដឹកនាំពិតប្រាកដមិនមែនធ្វើប្រជាភិថុតិនោះឡើយ។
នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តមឃួង ស្រេង ក៏បានអញ្ជើញទៅជួប សំណេះសំណាលជាមួយសមាជិកសមាជិការ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យផងដែរ ដើម្បីស្តាប់ពីលទ្ធផលការងារ សំណូមពរ ការលំបាកនៅតាមភូមិនិមួយៗ ក៏ដូចការអភិវឌ្ឍន៍សង្កាត់ដែលយើងទាំងអស់គ្នា ខិតខំបន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អប្រសើរ និងរួមគ្នាឈាន ឆ្ពោះទៅឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់ធ្វើឲ្យកម្ពុជាមានចំណូលខ្ពស់ ។
ដូចនៅសង្កាត់ចាក់អង្រែដែរ ឯកឧត្តមប្រធានគណបក្សរាជធានីភ្នំពេញបាន សង្កត់ធ្ងន់ឲ្យថ្នាក់ដឹកនាំខណ្ឌ.សង្កាត់ ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ, លើកកំពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន រួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រី ដើរមើលរហូតដល់កន្លែងទិញអេតចាយ ដែលទទួលទិញរបស់ចោរ។ ឯកឧត្តមបានផ្តាំផ្ញើរដល់ សមាជិកសមាជិការទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ៕ រក្សាសិទ្ធដោយ : សុទ្ធលី













