ភ្នំពេញ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះត្រូវបានរៀបចំពិធីចាក់បេតុងតំណភ្ជាប់ដ៏សំខាន់ចុងក្រោយ ដែលជាសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនសម្រាប់បម្រើលើវិស័យដឹកជញ្ជូននៅកម្ពុជា។
ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ ស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មាន គន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រ យានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន ៤គន្លង ដែល២ទៅ ២មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង ដោយ១ទៅ ១មកនិងមានសួន ពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង ៤ម៉ែត្រផងដែរ៕ រក្សាសិទ្ធដោយ : សុទ្ធលី





