កំពង់ឆ្នាំង ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ យើងឃើញសមិទ្ធផលនៅទីនេះ នៅថ្ងៃនេះ គឺជាការអស្ចារ្យ ប៉ុន្ដែបើយើងបានឃើញទីនេះ កាលពីដំណាក់កាលកសាងដំបូងប្រមាណ ១៥ឆ្នាំមុន គឺរឹតតែអស់អស្ចារ្យថែមទៀត ខណៈការកសាងទីនេះគឺមិនអាចកសាងឡើងបានដោយគ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ។
ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ។
សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ បានចារិក និងចង់ចាំ អំពីការតស៊ូ ពលិកម្មនៃការតស៊ូរបស់កងរាជអាវុធហត្ថ ក្នុងការការពារជាតិ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះដល់ពលរដ្ឋក្នុងករណីគ្រោះមហន្តរាយនានាជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍អំពាវនាវឱ្យ ប្រជាពលរដ្ឋ សាមគ្គីជាមួយរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្តល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រទេសជាតិណាមួយឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងរាជអាវុធហត្ថបង្កើតឡើង ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ៖ កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ចាប់តាំងពីបង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្តុះបណ្តាល ធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រមទាំងអនុវត្ត បទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់, រួម ចំណែកកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួបគ្រោះ មហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា ការងារគោលនយោបាយ កងរាជអាវុធហត្ថបានដោះស្រាយទុក្ខលំបាកដល់យោធិននៃកងរាជអាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថតាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរហ្នឹងហ្មរត្រឹមត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា ចំពោះការកសាងធនធានមនុស្សក្នុងកងរាជអាវុធហត្ថ៖ ទី១- មានគុណភាព ក្រមសីលធម៌ ស្មារតីស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខ។ ទី២- ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែក វិជ្ជាជីវៈ។ និងទី៣- ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿងបំពាក់។
នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា ការងារបង្ក្រាបបទ ល្មើសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ ជំរិតទារប្រាក់, ករណីផលិតនិងចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណីប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើសធនធានធម្មជាតិ,បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការពង្រឹងការអនុវត្តច្បាប់ ។ល៕ រក្សាសិទ្ធដោយ៖សុទ្ធលី




